ស៊យទាំងព្រឹក ចេះបើករថយន្តស្ទើរៗ ឡើងខឿនលាងរថយន្ត ច្រឡំជាន់ហ្គែរបន្ថែម ជ្រុលទៅបុកធ្លាយរបងថ្មផ្ទះគេ ផ្អើលអស់អ្នកជិតខាង

(កំពង់ឆ្នាំង)៖ បុរសជាមន្ត្រីរាជការម្នាក់ ទើបនឹងចេះបើករថយន្តស្ទើរៗ បានយករថយន្តមកលាង រួចក៏បើកឡើងខឿនលាងជាន់ហ្គែរខ្លាំង ច្រឡំស្មានជាហ្វ្រាំង បណ្តាលឲ្យស្ទុះ ទៅបុកជញ្ជាំងរបងផ្ទះគេបាក់អស់ប្រមាណ២ម៉ែត្រការ៉េ ធ្លាយក្បាលទៅក្រៅ ផ្អើលគេទាំងព្រឹក។

ហេតុការខាងលើនេះ បានកើតឡើងនៅម៉ោង៩ និង១៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងលាងរថយន្តមួយកន្លែង នៅមុខហាងកាហ្វេបុរី ខ្លះហៅហាងបឹងកំប្លោក ដែលស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង  ។

បើតានសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ដែលបានចុះទៅសម្របសម្រួលគ្រោះថ្នាក់ខាងលើនេះ បានឲ្យដឹងថា រថយន្តបង្ក​ មានម៉ាកកូរ៉ូឡាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ   2AT. 0996  បើកបរដោយបុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីរាជការចូលនិវត្តន៍នៅមន្ទីរកសិកម្មខេត្ត និងមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាស់ បានបើករថយន្តមកលាង នៅកន្លែងលាងរថយន្តខាងលើ។

ប្រភពដដែលបានបន្តទៀតថា ពេលគាត់បើករថយន្តឡើងលើខឿនលាងរថយន្ត ត្រូវជាន់ហ្វាំងឈប់ មិនជាន់ហ្វាំងទេ បែរជាគាត់ច្រឡំជាន់ហ្គែរបន្ថែម ធ្វើឲ្យរថយន្តស្ទុះទៅបុកជញ្ជាំងរបងផ្ទះអ្នកនៅក្បែរនោះអស់មួយផ្នែក បណ្តាលឲ្យផ្អើលអ្នកផឹកកាហ្វេពេញហាងបុរីទាំងព្រឹក ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបណ្តាលឲ្យរបងថ្មប្រមាណ២ម៉ែត្រការ៉េ បាក់ធ្លុះធ្លាយ។

ក្រោយពេលកើតហេតុ គេឃើញម្ចាស់កន្លែងលាងរថយន្ត បានហៅសមត្ថកិច្ចនគរបាលចរាចរណ៍ ឲ្យមកជួយសម្របសម្រួល ជាមួយម្ចាស់របងផ្ទះ និងម្ចាស់កន្លែ ងលាងរថយន្ត ដោយត្រូវតែសងថ្លៃរបងថ្មគេមិនតិតជាង១០០ដុល្លារឡើយ ។

បន្ទាប់មកទើបឃើញមានរថយន្ត មកស្ទូចរថយន្តបង្កគ្រោះថ្នាក់ខាងលើនេះ ចេញពីកន្លែងកើតហេតុ ដើម្បីយករថយន្តនេះចេញទៅជួសជុល ចំណែករថយន្តនោះក៏រងការខូចបាក់កាងមុខផងដែរ ៕ ដោយ៖ សុក្ខារិន(Micheal)