អង្គការ UNICEF ថា វិបត្តិ​ជំងឺ​កូវីដ១៩ ប៉ះពាល់​ដល់​កុមារ ៦ រយ​លាន​នាក់ នៅតំបន់​អាស៊ី​ខាង​ត្បូង

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ​ថា អង្គការ UNICEF បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ ចេញផ្សាយ​ក្នុងសប្តាហ៍នេះ​ថា វីរុស​កូរ៉ូណា​បាន​គំរាម​កំហែង​ដល់​ជីវភាព​របស់​កុមារ ៦ រយ​លាន​នាក់ នៅតំបន់​អាស៊ី​ខាង​ត្បូង ។

របាយយការណ៍​ដែល​មាន​ចំណង​ជើងថា «ជីវិត​ក្រឡាប់ចាក់ (Lives Upended)» ដែលបាន​ពណ៌នាអំពី​​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​ដំណើរ​វិវឌ្ឍ​រាប់​ទសវត្សរ៍​កន្លង​មក​នេះ ទាក់ទិន​នឹង​ផ្នែក​សុខាភិបាល ការ​សិក្សា​អប់រំ និង​ការ​លូត​លាស់​ក្នុង​ផ្នែក​ផ្សេង​ទៀត ​សម្រាប់​កុមារ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង ហើយ​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​នោះ ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ។

អ្នកស្រី Jean Gough នាយិកា​អង្គការ UNICEF ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង បាន​និយាយ​ថា «ផល​វិបាក​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ ​នៅ​ទូទាំង​តំបន់​អាស៊ី​ខាង​ត្បូង ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បិទ​សកម្មភាព​សង្គម និង​វិធានការដទៃទៀត បាន​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​កុមារ​ ។ ក៏​ប៉ុន្តែផល​ប៉ះពាល់​ក្នុង​រយៈពេល​វែង ​នៃវិបត្តិ​សេដ្ឋកិច្ច​លើ​កុមារ​នឹង ​មាន​ទំហំ​ខុស​ពី​លើក​មុនៗ​ទាំង​ស្រុង ។ បើ​គ្មាន​សកម្មភាព​ជា​បន្ទាន់​នៅ​ពេល​នេះ​ទេ ជំងឺ​កូវីដ១៩ អាច​បំផ្លាញ​សេចក្តី​សង្ឃឹម និង​អនាគតរបស់​មនុស្ស​មួយ​ជំនាន់ ។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា នៅ​ពេល​​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​លេច​ជា​រូបរាង​ឡើង កុមារ​រហូត​ដល់ ១២០ លាន​នាក់​ថែម​ទៀត ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ទីទ័ល​ក្រ ។

កុមារ​ប្រមាណ ៧.៧ លាន​នាក់ ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង បាន​រងគ្រោះ​រួច​មក​ហើយ ​បណ្តាល​មក​ពី​មិន​មាន​អាហារ​គ្រប់គ្រាន់​ សម្រាប់​បរិភោគ ឬ​ មាន​ជំងឺ ។ ដើម្បី​ជួយ​ក្រុម​កុមារ​ដែល​មាន​រាងកាយ​ចុះខ្សោយ​ធ្ងន់ធ្ងរ អង្គការ UNICEF បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ​ក្នុង​តំបន់​នោះ​ឱ្យ​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​ថ្មី​ឡើងវិញ ​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃ​ជើង ជំងឺ​កញ្ជ្រិល និង​ជំងឺ​ផ្សេងទៀត ។

របាយការណ៍​នេះ ​ក៏​បាន​លើកឡើង​ផង​ដែរ​ថា អត្រា​ធ្លាក់ចុះ​នៃ​ក្រុម​កុមារ​បោះបង់​ចោល​ការ​សិក្សា​ និង​ការ​រៀបមង្គលការ​ពី​ក្មេង គឺ​កើត​មាន​ឡើង ​ស្រប​ពេល​ដែល​មាន​ការ​ធ្លាក់ចុះ​នៃ​ការ​ស្លាប់​របស់​ទារក និង​ម្ដាយ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ។

ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩ បាន​បណ្តាល​ឱ្យ​កុមារ​ជាង ៤៣០ លាន​នាក់ ​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង ​ពឹងផ្អែក​លើ​ការ​រៀនសូត្រ​តាម​អនឡាញ ​បន្ថែម​ទៅ​នឹង​កុមារ​ចំនួន ៣២ លាន​នាក់​ទៀត ​បាន​បោះបង់​ការ​សិក្សា​រួច​ស្រេច​ទៅ​ហើយ ។

ក្នុង​ឆ្នាំ ២០១៦ កុមារ ៦៤% ក្នុង​ចំណោម​កុមារ​ទាំង​អស់​នៅ​លើ​ពិភពលោក ​ដែល​បាន​ជួប​ប្រទះ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ គឺ​ជា​កុមារ​នៃ​តំបន់​អាស៊ី​ខាង​ត្បូង ។

ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​របស់​វិបត្តិ​ជំងឺ​កូវីដ១៩ លើ​ជីវភាព​រស់នៅ​របស់​កុមារ ៦០០ លាន​នាក់ នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង អង្គការ UNICEF បាន​ជំរុញ​ដល់​រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​នោះ ​ឱ្យ​បង្វែរ​ជា​បន្ទាន់​នូវ​ធនធាន​ច្រើន​ជាង​មុន ទៅ​កាន់​កម្មវិធី​ការពារ​ខាង​សង្គម ដែល​ក្នុង​នោះ​មាន​ដូចជា​ អត្ថប្រយោជន៍​ទូទៅ​សម្រាប់​ក្រុម​កុមារ​នៅ​គ្រា​មាន​អាសន្ន និង​កម្មវិធី​ផ្តល់​អាហារ​ដល់​សិស្ស​ក្នុង​សាលារៀន ៕ ដោយ៖ សារីទ្ធ(Micheal)