មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះកំណើនអវិជ្ជមាន ជាលើកដំបូង

(អន្តរជាតិ)៖ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៤.៩ ភាគរយ ជាដំណើររួញតូចប្រចាំឆ្នាំដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ។ នេះបើយោងតាមការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP  ដែលបានចុះផ្សាយនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងរបាយការណ៍ស្តីពីសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយកាលពីខែមេសា បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចុះការព្យាករណ៍ការរីកលូតលាស់ បណ្តាលមកពីការខូចខាតសេដ្ឋកិច្ច ដោយសារវីរុសកូរ៉ូណា ធ្វើឲ្យមានការរីកលូតលាស់អវិជ្ជមាន នៅឆ្នាំ២០២០នេះ ។

របាយការណ៍នោះបានព្យាករណ៍ថា ផលិតផលសរុបក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ ៨ភាគរយ អាក្រក់ជាងការប៉ាន់ស្មានរបស់ខ្លួន កាលពីខែមេសាថា មាន ៥.៩ភាគរយ។

ប្រទេសចំនួន ១៩ នៅតំបន់អឺរ៉ុប ដែលប្រើប្រាក់អឺរ៉ូ របាយការណ៍នោះបានប្រាប់ឲ្យដឹងថា ប្រទេសទាំងនោះនឹងជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ច ១០.៧ភាគរយ ។

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រាប់ឲ្យដឹងទៀតថា ប្រទេសរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក នឹងរួញពី ៦.៦ ទៅ ៦.៨ភាគរយ ។

ឥណ្ឌាត្រូវបានព្យាករណ៍ថា មានការរួញសេដ្ឋកិច្ច ៤.៥ភាគរយ បណ្តាលមកពីការងើបឡើងវិញយឺតៗជាងការរំពឹងទុកកាលពីពេលមុន។

ប្រទេសប្រេស៊ីល និងម៉ិកស៊ិក ដែលជាប្រទេសពីមានសេដ្ឋកិច្ចធំបង្អស់ នៅក្នុងតំបន់អាមេរិកឡាទីន ត្រូវបានព្យាករណ៍ថា មានការរួញសេដ្ឋកិច្ចពី ៩.១ ទៅ ១០.៥ភាគរយ ។

ថ្វីបើការប្រមើមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិថា គ្រប់តំបន់ទាំងអស់នៅទូទាំងពិភពលោកនឹងជួបប្រទះនូវការរីកលូតលាស់សេដ្ឋកិច្ចអវិជ្ជមានក៏ដោយ ក៏ IMF បានទស្សន៍ទាយថា ប្រទេសចិនមានការរីកលូតលាស់សេដ្ឋកិច្ច ១ភាគរយ នៅឆ្នាំ​២០២០នេះ ៕ ដោយ៖ សារីទ្ធ (Micheal)