មេ​ដឹក​នាំ​​អាស៊ាន ​​ពិភាក្សា​​បង្កើត​​មូល​និធិ​​ ដើម្បី​​ស្រាវ​ជ្រាវ​​ឱសថ​ និង​​វ៉ាក់​សាំង​​ប្រឆាំង​​កូ​វីដ​១៩​​

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Vietnam News នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មេដឹកនាំ​អាស៊ាន បាន​យល់ព្រម​រួមគ្នា ​ដោះស្រាយ​​ផល​ប៉ះពាល់​សេដ្ឋកិច្ច បណ្តាលមក​ពី​ជំងឺ​កូ​វីដ១៩ និង​ទប់ស្កាត់​រលក​ចម្លង​ថ្មី​នៃ​ជំងឺ​នេះ ហើយនឹង​ចាប់ផ្តើម​ពិភាក្សា​លក្ខខណ្ឌ​មូលនិធិ​រួមគ្នា ​នៅ​ថ្ងៃសុក្រនេះ ដើម្បី​ប្រើប្រាស់មូលនិធិ​សម្រាប់​ស្រាវជ្រាវ​ផលិត​ឱសថ និង​វ៉ាក់សាំង ។

គេហទំព័រ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​វៀតណាម​ឈ្មោះ Chinh Phu បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក (Nguyen Xuan Phuc​) នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ នៅ​ថ្ងៃទី២៦ ខែមិថុនានេះ ដោយមាន​ការចូលរួម​ពី​មេដឹកនាំ​ប្រទេស​ជាស​មា​ជិ​កដ​ទៃ ។

តាម​សេចក្តី​ប្រកាស​លទ្ធផល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្ដី​អាស៊ាន ​កាលពី​ថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​អាស៊ានទាំង ១០ប្រទេស យល់ព្រម​ថា អាស៊ាន​មាន​កម្លាំង​ចលករ​រួម​មួយ​ដែល​អាច​ទប់ស្កាត់​ជំងឺឆ្លង និង​ស្រោចស្រង់​សេដ្ឋកិច្ច និង​សង្គម​ពី​វិបត្តិកូវីដ១៩ ។

កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្រ្តី និង​មន្រ្តី​ការបរទេស​វៀតណាម លោក ប៊ិញ មិញ (Binh Minh​) តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​ឋានៈ​វៀតណាម​ជា​ប្រធាន​ផ្លាស់វេន​សម្រាប់​ឆ្នាំនេះ ។ រដ្ឋ​អាស៊ាន​ទាំង១០ រួម​មាន​ឥណ្ឌូ​នេ​ស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន វៀតណាម ប៊្រុយ​ណេ មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា ។

តាម​ប្រភព​ដដែល បានឲ្យដឹងថា តំណាង​ប្រទេស​ទាំងអស់​យល់ព្រម​ថា «អាស៊ាន​បាន​ក្លាយជា​កម្លាំង​រួម​មួយ ​ទប់ស្កាត់​ជំងឺឆ្លង និង​រក្សា​ស្ថិរភាព​នយោបាយ​-សង្គម​ក្នុង​តំបន់ ហើយ​គាំទ្រ​លើ​ការ​បោះ​ជំ​ហាន​ថ្មី​ៗ ដើម្បី​ពង្រឹង​កិច្ចការពារ និង​គ្រប់គ្រង​រលក​ចម្លង​ថ្មី​នៃ​មេរោគ និង​ការ​អភិវឌ្ឍ​ផែនការ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ក្រោយ​វិបត្តិ​ជំងឺរាតត្បាត​សកល »។

តាម​របាយការណ៍​ព្យាករណ៍​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB បាន​ឱ្យ​ដឹង​ថា វិបត្តិ​កូ​វីដ១៩ បាន​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​តំបន់​អាស៊ាន ពី​ជាង ៤ភាគរយ នៅ​ឆ្នាំ២០១៩ រហូតធ្លាក់មក​ជិត ​-៣ភាគរយ នៅ​ឆ្នាំ២០២០ ។

របាយការណ៍ ADB បាន​បន្ថែម​ថា សេដ្ឋកិច្ច​ថៃ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​តំបន់ ដោយ​ធ្លាក់​ចុះពី​ជាង ២ភាគរយ នៅ​ឆ្នាំ២០១៩ ដល់​ជាង ​-៦ភាគរយ នៅ​ឆ្នាំ២០២០ បន្ទាប់មក សិង្ហបុរី​ធ្លាក់​ពី​ជិត ១ភាគរយ ដល់​ -៦ភាគរយ និង​កម្ពុជា​ធ្លាក់ចុះ​ពី​ជាង ៧ភាគរយ ដល់​ជាង​ -៥ភាគរយ ខណៈ​វៀតណាម រង​ផល​ប៉ះពាល់​តិច​ជាងគេ ដោយ​ធ្លាក់​ពី ៧ភាគរយ ​មក​នៅ​ជាង ៤ភាគរយ ។

ADB រំពឹង​ថា ​សេដ្ឋកិច្ច​​តំបន់អាស៊ាន​ដែល​មាន​ប្រជាជន​ ជាង ៦រយ​លាន​នាក់​នេះ នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ២០២១ ជាមួយ​កំណើន​ជាង ៥ភាគរយ ។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ករណី​ឆ្លង​កូ​វីដ១៩ សរុប​នៅ​អាស៊ាន​បាន​កើន​ដល់​ជាង ១៣ម៉ឺន​ករណី​ហើយ ក្នុង​នោះ ស្លាប់​មាន​ជិត ៤ពាន់​នាក់ ។

ឥណ្ឌូ​នេ​ស៊ី ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយមានអ្នក​ឆ្លង​ជិត ៥ម៉ឺន​ករណី និង​ស្លាប់​ជាង ២ពាន់នាក់ បន្ទាប់មក ​គឺ​សិង្ហបុរី មានអ្នក​ឆ្លង​ជាង ៤២,០០០​ករណី និង​ស្លាប់ ២៦នាក់ ។

ដោយសារមាន​ការ​គំរាមកំហែង​នៃ​ជំងឺរាតត្បាត​សកល​នេះ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ បាន​បិទ​​ព្រំដែន​​របស់​ខ្លួ​នរៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​ភាយ​មេរោគកូវីដ១៩ ​ចូល​ប្រទេស​របស់ខ្លួន ​៕ ដោយ៖ សារីទ្ធ(Micheal)