ជប៉ុនកំពុងពិចារណា អំពីសមត្ថភាពវាយប្រហារ ដើម្បីជំនួសប្រព័ន្ធការពារមីស៊ីល

(អន្តរជាតិ)៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនាថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងការទិញអាវុធ ដែលអាចវាយប្រហារគ្រាប់មីស៊ីលរបស់សត្រូវ និងបង្កើនការការពាររបស់ប្រទេសកូរ៉េខាងជើង  បន្ទាប់ពីការសម្រេចលុបចោលប្រព័ន្ធការពារមីស៊ីល Aegis Ashore

សមត្ថភាពវាយប្រហារលើកដំបូងណាមួយអាចតំណាងឱ្យការផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងស្ថានភាពយោធារបស់ជប៉ុន ដែលអាចបង្កើនការព្រួយបារម្ភដល់ប្រទេសជិតខាង ។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ជប៉ុន ក៏បានត្រៀមទុកផងដែរ អំពីការទទួលបានសមត្ថភាពវាយប្រហារឯករាជ្យមួយ ។

លោករដ្ឋមន្រ្តី Taro Kono បានធ្វើការពិភាក្សាឡើងវិញនៅខែនេះ ថាតើជប៉ុនគួរតែមានសមត្ថភាពវាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវ ដើម្បីបញ្ឈប់ការវាយប្រហារ ដោយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងនិងទប់ទល់ការគំរាមកំហែងដែលកំពុងកើនឡើងពីប្រទេសចិន។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកKonoក្នុងការលុបចោលប្រព័ន្ធ Aegis Ashore បានកើតឡើងបន្ទាប់ពីមានការព្រួយបារម្ភអំពីការចំណាយ និងលទ្ធភាពនៃរ៉ុក្កែត ។ ប៉ុន្តែសូម្បីតែមុនពេលដែលប្រទេសជប៉ុន បានជ្រើសរើសប្រព័ន្ធការពារមីស៊ីល ក្នុងឆ្នាំ ២០១៨ ក៏ដោយ សមាជិកសភាមកពីគណបក្សកាន់អំណាច បានយល់ព្រមថា ការវាយប្រហារទៅលើមូលដ្ឋានមីស៊ីលមិនផ្ទុយនឹងរដ្ឋធម្មនុញ្ញទេ ពីព្រោះការធ្វើបែបនេះ គឺជាសកម្មភាពការពារខ្លួន ។

ការសន្និដ្ឋាននោះ បានជំរុញឱ្យមានការសម្រេចចិត្ត ទិញមីស៊ីលមានរយៈចម្ងាយ ១.០០០ គីឡូម៉ែត្រ ដែលអាចបាញ់ដល់កូរ៉េខាងជើងពីលើសមុទ្រជប៉ុន ។

ក្រុមអ្នកជំនាញបាននិយាយថា ប៉ុន្តែវានឹងមានការលំបាកក្នុងការប្រើមីស៊ីលបែបនេះ ដើម្បីវាយប្រហារទៅលើមីស៊ីលចល័ត បើគ្មានផ្កាយរណបកំណត់គោលដៅទេនោះ ដែលជប៉ុនមិនមាន ៕ ដោយ៖ សារីទ្ធ(Micheal)