អ្នកនាំពាក្យ៖ គិតត្រឹមថ្ងៃទី២៦ មិថុនា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលឆ្លងជំងឺកូវីដ-១៩ នៅម៉ាលី បានជាសះស្បើយអស់ហើយ

(ភ្នំពេញ)៖  គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយទាំងស្រុងហើយ ក្នុងនោះក៏មិនមានករណីឆ្លងថ្មីទៀតដែរ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់នៅថ្ងៃទី២៦ ខែមិថុនា យ៉ាងដូច្នេះថា “គិតរហូតដល់ពេលនេះ ថ្ងៃទី២៦ ខែមិថុនា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហាន កម្ពុជាទៀតឡើយ”។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅម៉ាលីមានកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន១០នាក់ បានទៅបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ លោកបន្ថែមថា ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយ ក្នុងការបញ្ជូនកងកម្លាំងទៅបំពេញ ប្រតិបត្តិការការងារមនុស្សធម៌ តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងដែរថា រហូតដល់ពេលនេះកម្ពុជា មានកងកម្លាំងចំនួន៥កង សរុបចំនួន៧៨៧នាក់ (នារីចំនួន៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។ ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌល កងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់ មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់ កងកម្លាំងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គួររំលឹកថា លោកឧត្តមសេនីយ៍ទោ ស សាវី ដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ហើយបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ មរណៈភាពរបស់នាយទាហានមួកខៀវកម្ពុជា០១រូប គឺលោកឧត្តមសេនីយ៍ទោ ស សាវី នេះ គឺជាការបាត់បង់ធនធានទាហានមួកខៀវកម្ពុជាដ៏កម្រមួយរូប ដែលបានខិតខំបំពេញបេសកកម្មបម្រើសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្រៅប្រទេស៕ ដោយ៖ ភក្តី (Micheal)