ប្រជាពលរដ្ឋអស់ជំនឿលើអាជ្ញាធរស្រុកស្អាងហើយ

(កណ្តាល)៖ ប្រជាពលរដ្ឋនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលរួមទាំងអ្នកដំណើរផង បានសម្តែងភាពអស់ជំនឿលើអាជ្ញាធរស្រុកស្អាងដែលមិនមានចំណាត់ការ ចំពោះក្រុមឡានដឹកដីដែលកំពុងញាំញីជាន់កម្ទេចផ្លូវបេតុង ។

ករណីដែលអស់ជំនឿនេះ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍តាមរយៈភ្នាក់ងារព័ត៌មានប្រចាំខេត្តកណ្តាល បានរាយការណ៍ជូនលោក ញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង តាមទូរស័ព្ទ តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នក្រុមរថយន្តនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនអាចម៌ដីនៅលើផ្លូវបេតុងយ៉ាងអនាធិបតេយ្យដដែល ។ បញ្ហានេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យលើអាជ្ញាធរស្រុកស្អាងមានទំនាក់ទំនងក្រោមតុជាមួយក្រុមឈ្មួញរកស៊ីលក់អាចម៌ដីទាំងនោះ ទើបបើកដៃឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនអាចម៌ដីលក់យ៉ាងអនាធិបតេយ្យបែបនេះ ។

ប្រជាពលរដ្ឋនៅក្នុងភូមិបាននិយាយថា ក្រុមឡានដឹកដីដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៌ដីលើផ្លូវបេតុងក្នុងភូមិ បានបើកលឿនៗធ្វើឲ្យពួកគាត់មានការបារម្ភចំពោះសុវត្ថភាពកូនចៅរបស់ពួកគាត់ខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ ។
ចំណែកប្រជាពលរដ្ឋអ្នកដំណើរក៏មានការបារម្ភផងដែរជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារក្រុមឡានដឹកដីលើផ្លូវបេតុងនេះ ។ ម្យ៉ាងទៀតប្រជាពលរដ្ឋអ្នកដំណើរបានត្អូញត្អែថា ពួកគាត់មិនត្រឹមតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ពួកគាត់ថែមទាំងបារម្ភពីគ្រោះថ្នាក់ដោយសារដុំដីធំៗធ្លាក់ពីលើរថយន្តទៀតផង ។ ពីព្រោះការដឹកជញ្ជូនក្រុមឈ្មួញបានផ្ទុកអាចម៌ដីពេញពោហើយមិនគ្របតុងទៀត ។

ប្រជាពលរដ្ឋបាននិយាយថា ករណីដែលផ្ទុកអាចម៌ដីពេញពោនេះហើយ ទើបធ្វើឲ្យអាចម៌ជ្រុះធ្លាក់រប៉ាត់រប៉ាយពេញផ្លូវបេតុងពេលថ្ងៃក្តៅបង្កឲ្យមានធូលីដីហុយចូលភ្នែកនិងប្រឡាក់សំលៀកបំពាក់ ពេលមានភ្លៀងធ្លាក់បង្កឲ្យមានផុករអិលដួលម៉ូតូគ្រោះថ្នាក់ចរាចរណ៍កិនមនុស្សជាបន្តបន្ទាប់ទៀតផង៕ ដោយ ភារុន (យុទ្ធ)