កូវីដ១៩៖ មន្ត្រីសុខាភិបាលថាកម្ពុជាកំពុងស្ថិតក្នុងបន្ទាត់ក្រហម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួនបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩ ករណីបន្ថែមទៀត ដែលអ្នកទាំង ៩ នាក់នោះ មាន ៨ នាក់ជាជនជាតិខ្មែរ និង១នាក់ ជាជនជាតិឥណ្ឌូនេស៊ី។ ពួកគេទើបធ្វើដំណើរត្រឡប់មកពីប្រទេស​ឥណ្ឌូនេស៊ី។

ទាក់ទងនឹងជំងឺកូវីដ-១៩ នេះដែរ កាលពីម្សិលមិញ លោក ស្រី ឱវណ្ណ ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានភាពជំងឺកូវីដនៅកម្ពុជាបច្ចុប្បន្ននេះ មានភាពផុយស្រួយហើយកម្ពុជាកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហម។ ដូច្នេះពលរដ្ឋមិនត្រូវឈានជើងចេញឱ្យផុតពីបន្ទាត់ក្រហមនោះទេ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលដល់សហគមន៍។

លោក ស្រី ឱ វណ្ណ ឌីន ក៏អំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តរក្សាវិធានការ ៣ ចំនុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ វិធានការទាំង ៣ រួមមាន ត្រូវអនាម័យ ដៃស្អាត ប្រើប្រាស់ម៉ាស នៅពេលចាំបាច់ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម ។ លោកស្រីថា មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាល នោះទេ ដែលអាចជួយពលរដ្ឋ ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩នេះបាន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១៣៩ នាក់ និងអ្នកជាសះស្បើយចំនួន ១២៩ នាក់ ខណៈ១០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត៕ (ដោយ៖ ឡេង ដេត)