សោកស្តាយ! នារីស្រស់សោភាម្នាក់បានស្លាប់ និងគូស្នេហ៍ជាកីឡាករបាលទាត់កម្ពុជា រងរបួសធ្ងន់ធ្ងរ ក្រោយពីរថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ១រំលងអាធ្រាត នៅចំណុចផ្លូវ១៤៣ កែង៣១០ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យនារីម្នាក់ជាសិស្សថ្នាក់ទី១២ វិទ្យាល័យទួលទំពូង ស្លាប់នៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់។

សពជនរងគ្រោះស្រីឈ្មោះ គ្រី សុខដាឡែន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ វិទ្យាល័យទួលទំពូង ស្នាក់នៅជាមួយម្តាយមីង ដែលនៅចំណុចផ្លូវ២២៨ សង្កាត់បឹងសាឡាងខណ្ឌទួលគោក។ ចំណែកអ្នកជិះពីក្រោយរងបួសធ្ងន់ ឈ្មោះ ទៀប គឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកីឡាបាល់ទាត់ ពុំស្កាល់អសយដ្ឋាន រងរបួសក្បាលធ្ងន់កំពុងសង្គ្រោះនៅគ្លីនិចពន្លឺ ខណ្ឌសែនសុខ ។ ចំពោះរថយន្តបង្កពុំស្គាល់អត្តសញ្ញាណ ក្រោយបុកបានអូសម៉ូតូ និងសពជាង៣០ម៉ែត្រហើយរត់គេចបាត់។

បច្ចុប្បន្ន ផ្នែកជំនាញបានធ្វើការវាស់វែង បន្តឆែកកាមេរ៉ា និងស្វែងរកអត្តសញ្ញាណរថយន្តបង្ក ចំណែកសពនារីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្សារបុសខ្នុរ ភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ៕ ដោយ៖ យុទ្ធ