ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតហើយ ក្នុងករណីវាយសម្លាប់កម្មករសំណង់នៅស្រុកពញាឮ !

(កណ្តាល) ៖ ជនសង្ស័យ២នាក់ ចំណោមបក្ខពួក៣ត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃខេត្តកណ្តាលសហការជាមួយប៉ូលិសខេត្តសៀមរាប និងខេត្តកំពង់ចាម ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យ និងបក្ខពួកធ្វើសកម្មភាពវាយសម្លាប់អ្នកធ្វើការសំណង់ជាមួយគ្នា កាលពីបេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

លោក ឡាក់ ម៉េងធី នាយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាលបានឱ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មកើតឡើង ប៉ូលិសព្រហ្មទណ្ឌខេត្តក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នង ការខេត្ត បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យជាបន្ត បន្ទាប់បាន២នាក់ក្នុងចំណោមបក្ខពួក៣នាក់។

លោកបន្តថា ជនសង្ស័យទី១ ឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវបានចាប់ខ្លួនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ និងទី២ឈ្មោះ ពេជ្រ លាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចការដ្ឋានសំណង់ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិក រឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិធ្នុកអណ្តូង ឃុំស្លាក្រាម ក្រុងសៀមរាប។

លោកនាយការិយាល័យបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះបានមកស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ជាមួយគ្នា ។ លុះដល់យប់ថ្ងៃកើតហេតុក្រុមជនសង្ស័យខឹងជនរងគ្រោះចូលដេកមុនខុសកន្លែង ទើបក្រុមជនសង្ស័យនាំគ្នាធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ ហើយក៏នាំគ្នាគេចខ្លួនអស់។

រហូតមកដល់ថ្ងៃទី២៦មិថុនានេះសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០២នាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ខណ:ជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ កំពុងរត់គេចខ្លួន៕ ដោយ ភាវុន (យុទ្ធ)