សមត្ថកិច្ច បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌកំបូល

(កំពង់ធំ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ បានឃាត់ខ្លួនឃាតករ ដែលបានចាក់សម្លាប់ប្រពន្ធស្លាប់ភ្លាមៗ ពីថ្ងៃទី២២ ខែមិថុនានៅខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងមានសមត្ថកិច្ច បានឲ្យដឹងថា ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធ ព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅយប់នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

គួរម្លឹកផងដែរថា ករណីឃាតកម្មនេះ បានកើតឡើង នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង២០នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមុខរបរ​ធ្វើការ​រោងចក្រ​ ឈ្មោះ លាង ផល្លា អាយុ ២៣ឆ្នាំ បានស្លាប់ភ្លាមៗក្រោយពេលកើតហេតុ  ចំណែកឯជនបង្ក ឈ្មោះ សុខលី សម្បត្តិ ត្រូវជា​ប្ដី​ អាយុ ២៣ ឆ្នាំដូចគ្នា ​។​

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្ក ​និង​ជនរងគ្រោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​បាន​រៀបការ​ជាមួយគ្នា ​បាន​ប្រហែល​បី​ឆ្នាំ​មកហើយ ដោយ​ជនបង្ក​ជា​ប្ដី ​តែងតែ​មានការ​ប្រចណ្ឌ​ប្រពន្ធ​រហូត មកដល់​ថ្ងៃកើតហេតុ​ខាងលើ ប្រពន្ធ​របស់​ជា​បង្ក​បាន​ចេញពី​ធ្វើការ​មក​ងូតទឹក ក៏​ភ្លាមនោះ​ជនបង្ក​ខាងលើ​ក៏បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចិត ត្នោត​មកចាក់​ប្រពន្ធ​ខ្លួនឯង​ចំ​ដើមទ្រូង​ខាងស្ដាំ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ភ្លាមនោះ​ខាង​សាច់ញាតិ​ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​តែ​អរ​កុសល​ដោយសារតែ​របួស​ជ្រៅ​ពេក​បាន​ដាច់ខ្យល់​ស្លាប់​មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាង​អាណោចអាធ័ម​តែម្តង៕ ដោយ៖ Micheal