ហាងកាហ្វេចំនួន ៦ បម្រើឱ្យវិស័យអប់រំនៅកម្ពុជា

បច្ចុប្បន្ននេះ អាជីវកម្មហាងកាហ្វេមួយចំនួន មិនមែនតែដើម្បីស្វែងរកប្រាក់ចំណេញពីកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងលើកស្ទួយវិស័យអំណាន  តាមរយៈការភ្ជាប់បន្ថែមនូវបណ្ណាល័យ ឬទូតាំងលក់សៀវភៅ ដើម្បីបម្រើឱ្យផ្នែកពុទ្ធិក្នុងវិស័យអប់រំផងដែរ។ ខណៈនេះ Sky News នឹងនាំអារម្មណ៍លោកអ្នកទៅស្គាល់ហាងកាហ្វេមួយចំនួនដែលអាចរកអាននិងជាវសៀវភៅបានយ៉ាងងាយស្រួល។

១/. ហាងកាហ្វេអនុស្សាវរីយ៍-Anussavry៖ អនុស្សាវរីយ៍កាហ្វេ គឺជាហាងកាហ្វេដែលបម្រើឱ្យការជួបជុំមិត្តអ្នកនិពន្ធនិងអ្នកអានជាចម្បង។ ​វាជាកន្លែងដែលផ្ដល់នូវរសកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ហើយក៏ជាកន្លែងផ្ដល់ចំណេះដឹងតាមរយៈការអានសៀវភៅដោយសេរី និង ក៏ជាកូនបណ្ណាគារតូចមួយដែលលោកអ្នកអាចរកជាវស្នាដៃដែលចេញផ្សាយថ្មីៗមួយចំនួនផងដែរ។ សាខាទីមួយគឺនៅជាប់របងវត្តបទុមវត្តីចំហៀងខាងជើង​និងសាខាទីពីរ ជាប់នឹងរបងវិទ្យាល័យព្រះស៊ីសុវត្ថិចំហៀងខាងត្បូង។

២/. បណ្ណាល័យកាហ្វេ(Library Cafe)៖ មិនត្រឹមតែផ្ដល់នូវ រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ  ប៉ុន្តែក៏ជាកន្លែងដែលផ្ដល់នូវរសអារម្មណ៍និងពុទ្ធិដែលបានពីការអានសៀវភៅដោយឥតគិតថ្លៃផងដែរ។ មានសាខានៅជិតសាលារៀនវ៉េសឡាញន៍ក្បែរសាលាសន្ធរម៉ុក។

៣/. នស២រ ៖ ហាងកាហ្វេដ៏ធំជាមួយនឹងការរចនាបែបធម្មជាតិមួយនេះទទួលបានបានគាំទ្រយ៉ាងឆាប់រហ័សរហូតពង្រេីកសាខាបានរហូតដល់ទៅ ៦ សាខា ត្រឹមពេលដ៏ខ្លី។ ក្រៅពីបម្រើសេវាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ហើយនោះ ហាងនេះក៏បម្រើវិស័យអប់រំមួយផ្នែកធំ តាមរយៈការផ្ដល់សៀវភៅអានដោយមិនគិតថ្លៃផងដែរ។ ទីតាំងទាំង ៦ សាខារួមមាន សាខាចតុមុខ សាខាបាក់ទូក សាខាសន្ធរមុក សាខាសែនសុខ សាខាទួលទំពូង និងសាខាវិទ្យាល័យព្រះស៊ីសុវត្ថិ។

៤/. Book Café-ប៊ុក កាហ្វេ៖ ហាងកាហ្វេដ៏ធំទូលាយមួយនេះ​ក៏មានបម្រើសេវាកម្មជាបណ្ណាល័យ និងបណ្ណាគារសម្រាប់អានដោយសេរី និងទិញនូវគ្រប់ប្រភេទស្នាដៃថ្មីចាស់ផងដែរ។ ទីតាំងស្ថិតក្នុងបូរីមហាសែនសុខ ទល់មុខព្រលានយន្ដហោះពោធិ៍ចិនតុង ។

៥/. Scholar Library-បណ្ណាល័យបញ្ញវន្ត៖ ទីកន្លែងដ៏មនោរម្យនេះក្រៅពីបម្រើសេវាកម្មភេសជ្ជៈដ៏សម្បូរបែបហើយនោះ គឺជាកន្លែងនៃការអាន ជួបជុំ ចែករំលែក និងអាចរកជាវស្នាដៃជាសៀវភៅថ្មីចាស់ជាច្រើនសម្បូរបែបផងដែរ។ ទីតាំងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៦/. និស្ស័យស្នេហ៍សៀវភៅ & សួស្ដីកាហ្វេ៖ ថ្វីដ្បិតថាហាងកាហ្វេមួយនេះស្ថិតក្នុងទីប្រជុំជនផ្សារជំពូវន្តមានលក្ខណៈចង្អៀតបន្ដិចក្ដី ប៉ុន្តែវាក៏ជាកន្លែងចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យអប់រំ។ លោកអ្នកអាចអានសៀវភៅជាច្រើនចំណងជើងដោយសេរីនៅទីនោះ ហើយក៏អាចរកជាវស្នាដៃជាសៀវភៅថ្មីចាស់ជាច្រើនចំណងជើង រួមទាំងមានសេវាកម្មដឹកជញ្ជូនទូទាំងគ្រប់ខេត្តក្រុងផងដែរ៕

ដោយ៖ ភូមិន្ទ