ចូ បៃដិនបន្ទោសលោកត្រាំ ថាមានជំហរទន់ជ្រាយពេកចំពោះរុស្សី

(អន្តរជាតិ) បេក្ខជនប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានវាយប្រហារជាថ្មីម្តងទៀតទៅលើលោកប្រធានាធិបតីដូណាល់ ត្រាំ ចំពោះរបាយការណ៍ថ្មីៗនេះដែលចោទប្រកាន់ថារុស្សីជាអ្នកផ្តល់ព័ត៌មានឲ្យកងទ័ពពួកតាលីបង់បាញ់សម្លាប់ទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

លោកបៃដិនបាននិយាយថា ប្រសិនបើរបាយការណ៍នេះជាការពិតមែន វាពិតជាមិនអាចទប់បានសោះឡើយនូវអារម្មណ៍ឈឺចាប់របស់អគ្គមេបញ្ជាការកងទ័ពអាមេរិកហើយការខកខានរបស់លោកត្រាំក្នុងការពារកងទព័អាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺមានន័យថាគាត់បានឈរខាងរុស្សីហើយ។

តាមរបាយការណ៍របស់កាសែតញូយ៉ក ថែមកាលពីថ្ងៃសុក្របានផ្សាយថា ចារកម្មអាមេរិកបានប្រមូលភស្តុតាងនិងបានធ្វើការសន្និដ្ឋានកាលពីជាង១ខែមកហើយថាពួកកងឯកភាពសម្ងាត់នៃក្រុមចារកម្មយោធារុស្សីបានផ្តល់រង្វាន់ និងផ្តល់ព័ត៌មានឲ្យទៅពួកសកម្មប្រយុទ្ធតាលីបង់បាញ់សម្លាប់កងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន។ អត្ថបទស្រដៀងគ្នានេះក៏ត្រូវបានចុះផ្សាយក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ផងដែរ។

លោកបៃដិនបាននិយាយទៀតថា ប្រសិនបើគាត់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកគាត់ប្រាកដជាប្រឈមមុខជាមួយលោកពុយទីននៃប្រទេសរុស្សីហើយ។ ទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់ដែលបានចុះផ្សាយក្នុងកាសែតទាំងនោះហើយ៕ ប្រែសម្រួល៖សារឹទ្ធ (យុទ្ធ)