មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា​ ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅកម្ពុជាថ្មីៗនេះ មិនមែនជារលកទី២ទេ

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ករណីរកឃើញវិជ្ជមានកូវីដ១៩ នៅកម្ពុជាថ្មីៗនេះ ពុំមែនជារលកទី២នោះទេ បើទោះជាកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បាន ប៉ុន្តែស្ថានភាពទូទៅនៃជំងឺកូវីដ១៩ នៅកម្ពុជាយើងនៅផុយស្រួយនៅឡើយទេ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសជាដាច់ខាត។

ជាមួយគ្នានោះដែរ ជាការឆ្លើយតបទៅនឹង សំនួរ ដែលថាករណីដែលរកឃើញវិជ្ជមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ២ថ្ងៃជាប់គ្នានេះ ដែលមានចំនួន រហូតដល់ ១១នាក់ ជារលកទី២ឬទេ? លោកស្រីវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា  នោះពុំមែនជារលកទី២នោះទេ  ប៉ុន្តែស្ថានភាពរបស់កម្ពុជានៅពេលនេះ គឺមានភាពផុយស្រួយណាស់ ដែលយើងកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហម ហេតុដូច្នេះហើយ យើងមិនត្រូវឈានជើងចេញឱ្យផុតពីបន្ទាត់ក្រហមនោះទេ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩នេះ ទៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋយើង។

អ្នកនាំពាក្យក្រសួងសុខាភិបាលខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ដែលវិលត្រលប់ទៅរកជីវភាពធម្មតារបស់ខ្លួនវិញ គឺសូមប្រកាន់ខ្ជាប់វិធានការអនាម័យ៣ចំនុច ដូចជា ការធ្វើអនាម័យដៃស្អាត ការប្រើប្រាស់ម៉ាសនៅពេលចាំបាច់ និងការអនុវត្តនូវគម្លាតសង្គមឬបុគ្គល ជាដើម។

គួររម្លឹកថា កាលពីថ្ងៃទី២៧ និង២៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានថ្មីចំនួន១១ករណី ដែលសុទ្ធសឹងជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ហើយរាល់អ្នកជំងឺទាំងអស់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចហើយ ខណៈអ្នករួមដំណើរទាំងអស់ កំពុងត្រូវបានធ្វើវិធានចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ។

 

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថារកឃើញ ករណីឆ្លងវីរុសកូវីដ១៩ នៅទូទាំងប្រទេសចំនួន១៤១នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន១២នាក់ចំណែកឯអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួនន១២៩នាក់៕ ដោយ៖ Micheal