ក្រុមអ្នកនេសាទឥណ្ឌូណេស៊ី ជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត១០០នាក់ពីក្នុងសមុទ្រ

(អន្តរជាតិ) ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត១០០នាក់ ដែលជាប់នៅកណ្តាលសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ត្រូវបានក្រុមអ្នកនេសាទឥណ្ឌូណេស៊ីជួយសង្គ្រោះ ក្រោយពីអាជ្ញាធរបានច្រានចោលមិនទទួលយកពួកគេឲ្យឡើងគោកដោយខ្លាចការឆ្លងជម្ងឺ COVID-19 ។

ជនជាតិរ៉ូហ៊ីងយ៉ា៩៤នាក់នេះ មានកុមារ៣០នាក់ត្រូវបានជម្លៀសចេញពីទូករបស់ខ្លួនមកកាន់ទូកអ្នកនេសាទចិត្តធម៌ ហើយអ្នកទាំងនេះក៏ត្រូវបានក្រុមកងយោធាជើងទឹកស្ទាក់ចាប់នៅកោះស៊ូម៉ាត្រា។ ជនភៀសខ្លួនទាំងនេះមិនត្រូវបានលោកអភិបាលខេត្ត Aceh អនុញ្ញាតឲ្យឡើងគោកឡើយដោយខ្លាចមានការឆ្លងជម្ងឺCOVID-19។

ក្រុមអ្នកនេសាទដែលមានកំហឹងក៏បានយកទូកតូចៗមកជួយសង្គ្រោះអ្នកទាំងនេះឡើមកលើគោកវិញ។ ក្រុមអ្នកភូមិបានចេញមកសាទរជនភៀសខ្លួនទាំងនេះដោយរីករាយបំផុត។ អ្នកភូមិម្នាក់បាននិយាយថា ការជួយសង្គ្រោះនេះ គឺជាហេតុផលមនុស្សធម៌សុទ្ធសាធ៕ ប្រែសម្រួល៖សារឹទ្ធ (យុទ្ធ)