ដូណាល់ ត្រាំ៖ ការភូតកុហកបានធ្វើឲ្យប៉ះទង្គិចដល់ការងារ ដោយសារតែព័ត៌មានក្លែងក្លាយរបស់កាសែតញូយ៉ក ថែម

(អន្តរជាតិ)៖ កាសែតញូយ៉កថែម បានចុះផ្សាយព័ត៌មានមួយដោយបានធ្វើការចោទប្រកាន់ទាំងគ្មានភស្តុតាងថា រុស្សីបានជួលនិងផ្តល់ព័ត៌មានអំពីទីតាំងកងទ័ពអាមេរិកដល់ពួកតាលីបង់ ដើម្បីធ្វើការវាយប្រហារដែលបានធ្វើឲ្យទាហានអាមេរិកស្លាប់ជាច្រើននាក់។ លោកដូណាល់ត្រាំបានហៅការចុះផ្សាយនេះថា វាជារឿងមិនពិត និងធ្វើឲ្យប៉ះពាល់ទៅដល់ពេលវេលាការងារ និងធ្លាក់ទៅក្នុងអន្ទាក់នៃការបោកបញ្ឆោតរបស់រុស្សីតែប៉ុណ្ណោះ។

តាមរយៈទ្វីតធើរលោកដូណាល់ ត្រាំ បានបដិសេធនូវការចោទប្រកាន់ថា លោកបរាជ័យក្នុងការប្រឆាំងជាមួយរុស្សីអំពីបញ្ហានេះ បន្ទាប់ពីចារកម្មរបស់អាមេរិកបានជូនព័ត៌មានទៅលោកថា ទីក្រុងមូស្គូបានជួលជាសម្ងាត់និងបានប្រាប់អំពីទីតាំងកងទ័ពអាមេរិក ទៅឲ្យពួកសកម្មជនតាលីបង់ ដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះ។

លោកត្រាំបានសរសេរថា គ្រប់គ្នាកំពុងតែបដិសេធព័ត៌មានក្លែងក្លាយនេះ ហើយវាមិនមានការវាយប្រហារណាមួយមកកងទ័ពយើងដូចការចោទប្រកាន់នេះទេ។ គ្មានអ្នកណាហ៊ានតតាំងយ៉ាងមុតមាំជាមួយរុស្សីជាងរដ្ឋបាលត្រាំនោះទេ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)