មាស សុខសោភា បញ្ចេញស្នាដៃថ្មីក្រោយចេញពីថោន (មានវីដេអូ)

(ភ្នំពេញ)៖ កំពូលតារាចម្រៀងសំនៀមផ្អែម មាស សុខសោភា បានបញ្ចេញស្នាដៃចម្រៀងថ្មីរបស់ខ្លួនហើយ ក្រោយពីប្រកាសដើរចេញពីផលិតកម្មថោនទាំងអាឡោះអាល័យកាលពីប៉ុន្មានសប្ដាហ៍មុនរួចមក។ បទថ្មីនេះមានចំណងជើងថា “ស្រណោះដៃប្ដី”។

“ស្រណោះដៃប្ដី” គឺជាស្នាដៃថ្មីក្នុងផលិតកម្ម Camtrax Music ជាផលិតកម្មផ្ទាល់ខ្លួនរបស់តារាដែលស្រឡាញ់ធម្មជាតិរូបនេះ ដែលបើកដំណើរការតាំងតែពីឆ្នាំ ២០១៤ មកម្ល៉េះ។ ក៏មិនខុសគ្នាពីស្នាដៃមុនៗ បទថ្មីបែបកម្សត់លន្លង់លន្លោចរៀបរាប់ពីការនិរាស្រ្តព្រាត់ប្រាស់នេះ ចេញផ្សាយមិនបានប៉ុន្មានម៉ោងផង ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនព្រោះតែសំនៀងដ៏ផ្អែមស្រួយរបស់កំពូលតារារូបនេះ។

គួរបញ្ជាក់ឱ្យដឹងថា ក្រោយចេញពីទ្រនំថោនដែលធ្លាប់ជ្រកអស់ជិត ១០ ឆ្នាំរួចមក មាស សុខសោភា មិនទាន់ប្រកាសថាចូលច្រៀងក្នុងផលិតកម្មថ្មីណាមួយនៅឡើយ ដោយនាងនឹងពង្រឹងស្នាដៃក្នុងផលិតកម្មផ្ទាល់ខ្លួន។ នាងបញ្ជាក់ថា ឆាប់ៗនេះនាងនឹងបញ្ចេញបទញាក់ក៏ដូចជាបទមនោសញ្ចេតនាជាច្រើនបទទៀតដើម្បីផ្គាប់ចិត្តអ្នកគាំទ្រនិងដើម្បីរក្សាលំនឹងប្រជាប្រិយភាពរបស់ខ្លួន។ ចង់ដឹងថា “ស្រណោះដៃប្ដី​” មានភាពពីរោះលន្លង់លន្លោចកម្រិតណានោះ សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

(ដោយ៖ ភូមិន្ទ)