បុរសម្នាក់បានយកគ្រាប់កាំភ្លើងធំក្រឡឹងកែច្នៃ ស្រាប់ផ្ទុះក្ឌាំងបណ្តាលឱ្យស្លាប់ដាច់សាច់ខ្ទាតជាបំណែកៗ

(កណ្តាល) ៖ បុរសម្នាក់បានយកគ្រាប់កាំភ្លើងធំសល់ពីសម័យសង្គ្រាមមិនស្គាល់ម៉ាក មកក្រឡឹងកែច្នៃគ្រឿងយន្តកសិកម្ម នៅក្នុងរោងសិប្បកម្មលក្ខណៈគ្រួសារ ក៏ផ្ទុះក្ឌាំងឡើងបណ្តាលឱ្យស្លាប់ដាច់សាច់ខ្ទាតជាបំណែកៗ ដែលហេតុការណ៍បានកើតឡើង នាថ្ងៃអាទិត្យទី ២៨ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១២និង៤៥នាទីនៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅប៉ាតភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។វត្ថុតាងបន្សល់ មានបំណែកអំបែងគ្រាប់មួយចំនួន (បន្សល់ទុកនៅជិតកន្លែងកើតហេតុ) ។

តាមការបំភ្លឺកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំបានបញ្ជាក់ថា ជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្មលក្ខណៈគ្រួសារជាង១០ឆ្នាំមកហើយ។ ហើយនៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅប៉ាត បានយកគ្រាប់ប្រភេទពុំស្គាល់ឈ្មោះ ហើយបានយកម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ ខណៈពេលនោះស្រាប់តែផ្ទុះគ្រាប់នោះ ជាបំណែកបណ្ដាលឱ្យគាត់(ជនរងគ្រោះ)ស្លាប់ដាច់សាច់ខ្ទាតជាបំណែកនៅជុំវិញកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ ភាវុន (យុទ្ធ)