រដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី នឹងចែករំលែកបទពិសោធន៍គ្នា ក្នុងការឆ្លើយតបជំងឺរាតត្បាតជាសកល

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្ត្រាលី ស្តីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្ត្រាលីនឹងចែករំលែកគ្នាទៅវិញទៅមក នូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍អំពីវិធានការ ប្រកបដោយ ប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺរាតត្បាតជាសកល។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធាន ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន -អូស្ត្រាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្ត្រាលី ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នា ជាពិសេសកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។

តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានលើកឡើងថា កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀត ក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្ត្រាលី ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ចំពេលវេលាដ៏លំបាកនិងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕ ដោយ៖ Micheal