អាជ្ញាធរបាត់ដំបងដុតបំផ្លាញប្រហិតខូចគុណភាពចំនួនជាង ២ពាន់គីឡូក្រាម

(បាត់ដំបង) ទំនិញខូចគុណភាព(ប្រហិត)ចំនួន ២៤៥០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។

លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈអភិបាល នៃគណៈអភិបាលខេត្ត និងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះបង្រ្កាបនិងដកហូតបានប្រហិតខូចគុណភាពគ្រប់ប្រភេទចំនួន ,៤៥០គីឡូក្រាមពីក្រុមឈ្មួញដែលបានលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។

លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាងប្រហិតខូចគុណភាពទាំងអស់នោះត្រូវបានអាជ្ញាធរធ្វើពិធីដុតកំទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបងក្រោមការចូលរួមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងលោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្ត និងសហការី  លោក ផេង សិទ្ធី អភិបាលក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតបានចូលរួមផងដែរ។

ជាមួយគ្នានេះអាជ្ញាធររដ្ឋបាលសង្កាត់ ក៏ដូចជាអាជ្ញាធររដ្ឋបាលក្រុង ក៏បានចូលរួមសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារអាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នក នៅពេលណាដែលប្រទះឃើញមានការសង្ស័យទៅលើមុខទំនិញណាមួយដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕ ដោយ សាលី (យុទ្ធ)