រសៀលនេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាព អ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង

(ព្រះសីហនុ) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា  គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាព អ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងមានរលក នៅចន្លោះឃ្លងបង្គួរ។

ស្ថានភាពបែបនេះលោកឧត្តមសេនីយ៍ទោ  ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទេចរណ៍និងនគរបាលចរាចរផ្លូវទឹកអោយពង្រឹងតាមគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរត្រឹមរយ:ចម្ងាយ ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗអាយុប្រហែល ៧ឆ្នាំចុះ  ចូលលេងទឹកដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។

ចំណែកនៅតាមបណ្តាកោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជារ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុង ចុះ ធ្វើការណែនាំ និង ផ្សព្វផ្សាយ ដល់ទូកនេសាទ ទូកដឹកទំនិញនិងទូកដឹកអ្នកទេសចរណ៍តាមសមុទ្រ អោយបង្កើនការប្រុងប្រយត្ន័ពេលមានភ្លៀង ខ្យល់ឬរលកខ្លាំង

លោកឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕ ដោយ៖ ឈុនហៃ (យុទ្ធ)