ស្នងការនគរបាលខេត្តកណ្តាល ចុះធ្វើការត្រួតពិនិត្យ និងធ្វើការផាកពិន័យទៅរថយន្តបែនធុនធំ ដឹកខ្សាច់លើផ្លូវជាតិ២១A

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និងធ្វើការផាកពិន័យទៅរថយន្តបែនធុនធំ ដឹកខ្សាច់ចេញពីដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ឈឿន សុចិត្ត បានថ្លែងថា មានការត្អូញត្អែ ពិសេសការលើកឡើងពីរក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពីផលប៉ះពាលទៅលើរថយន្តដឹកខ្សាច់ចេញពីដេប៉ូ។ ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញចរាចរណ៍ ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោមការដឹកនាំដោយផ្ទាល់ពី លោក នៃ ចារី អភិបាលរងខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត នឹងអ្នកបើកបរ ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់នឹងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ហើយប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រៀងចាល ហើយចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ៕ដោយ៖ សនសុភ័ក្ដ (Micheal)