ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សារពី ប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវា​ធនាគាអេឡិច​ត្រូនិក

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០នេះ បានបន្តបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននានា ព្រមទាំងតំណាងរបស់ក្រុមហ៊ុនធនាគារឯកជនផងដែរ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ដើម្បីពិភាក្សាលើកិច្ចការនេះ សម្តេចក្រឡាហោម ស ខេង បានសម្រេចបង្កើតឱ្យមានក្រុមការងារមួយ ដែលមានឯកឧត្តម សក់ សេដ្ឋា ជាប្រធាន ឯកឧត្តមប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអនុប្រធាន និងសមាជិកចំនួន៨រូបផ្សេងទៀត។

បើតាមលោក សក់ សេដ្ឋា ក្នុងពេលនេះ លោកចង់ឱ្យមានបទបង្ហាញ ដើម្បីឱ្យឯកឧត្តមទទួល​បាននូវព័ត៌មានទាក់ទងសេវានានារបស់ធនាគារដៃគូរដែលចង់សហការ និងបំណងនៃការផ្តល់​សេវា ប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូលថ្លៃផាកពិន័យ ការបែងចែកភាគលាភនៃការ​ផាក​ពិន័យរបស់នគរបាលចរាចរណ៍ការប្រមូលសេវាធ្វើលិខិតឆ្លងដែន និងសេវានានា ដែលស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕(ដោយ៖ ឡេង ដេត)