ទោះក្រុមលោក ហុង លីម យកទឹកទាំងពាងមកលាងក្លិនសំអុយរបស់ខ្លួនយ៉ាងណា ក៏មិនជ្រះដែរ!

(ភ្នំពេញ)៖ បន្ទាប់ពី សារព័ត៌មាន Sky News បានផ្សាយព័ត៌មានវីឌីអូស៊ើបអង្កេត របស់កម្មវិធី ៦០ នាទី(60 Minute) ប្រទេសអូស្ត្រាលី  ដែលបានលាតត្រដាងបកស្បែកមុខ លោក ហុង លីម (Hong Lim) អតីតសមាជិកសភារដ្ឋវិតូរៀ លោក តាក់ ម៉េងហ៊ាង(Tak Meng Heang)សមាជិកសភា​រដ្ឋ​វិកតូរៀ និងលោក Adem Somyurek តំណាងរាស្ត្ររដ្ឋវិកតូរៀ និងជារដ្ឋមន្ត្រីក្រ សួងអាជីវកម្មខ្នាតតូច​នៃប្រទេ​ស​អូ​ស្ត្រាលី ជាមេក្លោង រហូតត្រូវបាន លោក ដានីញែល អ៊ីនដ្រូ(Daniel Andrew) នាយករដ្ឋមន្ត្រីអូស្ត្រាលី បណ្តេញចេញពីតំណែង។

ក្រុមលោក ហុង លីម (Hong Lim) មានបក្ខពួក២ នាក់ទៀត គឺលោក តាក់ ម៉េងហ៊ាង(Tak Meng Heang) និង ជា យូហ៊ន បាន ចេញវីឌីអូដើម្បីលាងជម្រេះខ្លួន ទាំងដឹងថាអំពើដែលខ្លួនកំពុងធ្វើជាមួយបក្សបក្ខពួកត្រូវបានគេដឹងលឺ ពាសពេញពិភពលោកទៅហើយ ។ ហើយទោះបីជាក្រុមលោក ហុង លីម (Hong Lim) យកទឹកទាំងពាងមកលាងក្លិនសំអុយរបស់ខ្លួនយ៉ាងណា ក៏មិនជ្រេះដែរ។

ថ្មីនេះ នៅពេលដែលដឹងថាក្រុមលោក ហុង លីម កំពុងតែវង្វេងវង្វាន់ និងត្រដរខ្យល់ហើយនោះ ក៏មានបងប្អូនពល​រដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីដែលប្រកាន់ខ្ជាប់នូវសច្ចធម៌ និងស្អប់បំផុតអំពើពុករលួយស្អុយគគ្រុក ក៏បានបន្តផ្តល់ព័ត៌មាន មក  Sky News ដោយបង្ហាញថា ការនិយាយក្នុងវីឌីអូបកស្រាយរបស់លោក ហុងលីម , លោក ជាយូហ៊ន និងលោក តាក់ ម៉េងហ៊ាង សុទ្ធតែជាពាក្យមិនពិត ហើយជាលេសដើម្បីលាងជម្រេះខ្លួនចេញពីអំពើពុករលួយដ៏គំរក់តែប៉ុណ្ណោះ។

តាមប្រភពដែល SKY NEWS ទទួលបាននោះបញ្ជាក់ថា លោក Adem Somyurek ជាអ្នកផ្តើមគំនិត ឲ្យពួកលោក ហុង លីម , លោក តាក់ ម៉េងហៀង ប្រព្រឹត្តអំពើពុករលួយនោះត្រូវបានកម្មវិធី ៦០នាទី បានបកស្រាយយ៉ាងច្បាស់ហើយថា ពួកនេះពិតជាប្រព្រឹត្តអំពើ ពុករលួយជាប្រព័ន្ធបែបថ្មី មួយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រនៃប្រទេសអូស្ត្រាលី។

នៅក្នុងវីឌីអូឃ្លីបលាងជម្រះក្លិនសំអុយរបស់ពួកខ្លួននោះ លោក ហុង លីមបាននិយាយអួតថា ខ្មែរយើងគ្រាន់បើ ដែល​មានជនជាតិខ្មែរមករស់នៅក្រៅប្រទេស ហើយធ្វើការងារក្នុងសង្គមគេ (អូស្ត្រាលី)។

ត្រង់ចំណុចនេះ បងប្អូនខ្មែររស់នៅក្រៅប្រទេស ចង់ចោទសួរទៅលោក លីម ហុង វិញថា «យើងពិតជាចង់បាននូវអ្វីដូចដែលលោក ហុងលីមបាននិយាយ ប៉ុន្តែអ្វីដែលយើងមិនចង់បាន អ្វីដែលយើងស្អប់បំផុតនោះ គឺការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដូចដែលក្រុមហុង លីម បានធ្វើហើយទង្វើថោកទាបបែបនេះ ពិតជាធ្វើឱ្យខូចឈ្មោះខ្មែរដែលមករស់នៅស្រុកគេ។ ហើយកាន់តែថោកទាបបំផុតនោះ គឺមករស់នៅស្រុកគេ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធហើយ បែរជាមក ដៀលរដ្ឋាភិបាលខ្មែរក្នុងស្រុកថា ជាសត្វតិច្ឆារទៅវិញ។

ចំណែកឯលោក ជា យូហ៊ន និយាយក្នុងឃ្លីបវីឌីអូថា គាត់មិនអាចតែងតាំងនរណាម្នាក់បានទេ។ ចុះហេតុអ្វីបានជា កម្មវិធី ៦០ នាទី ថាក្រុមលោក ដែលមានលោក Adem Samrek ជាមេគំនិត ប្រើរបៀបលើកបន្តុប ប្រធាន (ដោយប្រើសមាជិក ឬអ្នកគ្រាំទ្រ មិនបានដឹងខ្លួន )  Branch Stacking  តើគេមិនហៅថា ជាការតាំងតែងទេឬ?

ប្រភពបានបញ្ជាក់ពីសកម្មភាពកន្លងមករបស់លោកជា យូហ៊ន ដែលបុគ្គលនេះបានចូលរួមការងាឃោសនាតាមវត្តអារាមនានានៅទីក្រុងMelboune រហូតដល់គណៈកម្មការវត្តមិនហ៊ានឲ្យព្រះសង្ឃ ទៅចូលរួមក្នុងកម្មវីធីសម្តេច ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញមកចូលរួមប្រជុំអាស៊ាន(ASEAN) នៅប្រទេសអូស្ត្រាលី នោះទេ។

បន្ថែមពីនេះ ក្រុមលោក ជា យូហ៊ន និងបក្ខពួក បាននាំគ្នីគ្នា ដាក់រាយមនុស្សរបស់ខ្លួន បណ្តាក់គ្នាដូចខ្យង ក្នុងមុខតំណែងសមាគមន៍ខ្មែរវិតូរៀ (Cambodia Association of Victoria)។

ការបង្កើតសហព័ន្ធខ្មែរ-អូស្ត្រាលី ពុំមានប្រធានសមាគម  ឬប្រជាពលរដ្ឋតាមបណ្តាខេត្តនានានៅរដ្ឋផ្សេងៗ ដឹងលឺ និងចូលរួមគាំទ្រនោះទេ។

ចំណែករឿងចំណតរថយន្តវិញលោក ជា យូហ៊ន ជាចៅហ្វាយក្រុង Spring Vale  ហើយបើគាត់ មិនប្រើនយោបាយ បោកប្រាស់ទេ ចាំបាច់អ្វីឱ្យគេធ្វើបាតុកម្ម ហើយសូមអោយគេ បោះឆ្នោតឲ្យគាត់បន្តដឹកនាំ ព្រមទាំងទាមទារឲ្យពួកអ្នកជំនួញមួយក្តាប់តូចផ្តល់ថវិកាអោយខ្លួនទៀតផង។ នេះហើយគេហៅថាល្បិចនយោបាយពុករលួយបែបថ្មី។

រីឯលោក តាក់ ម៉េងហ៊ាង បាននិយាយការពារខ្លួនថា លោកបានជាប់ឆ្នោតនៅឆ្នាំ ២០១៨ បន្តពីលោក ហុង លីម ដោយសមត្ថភាពខ្លួនឯង ខណៈដែលមានអ្នកមកប្រកួតប្រជែង។ អ្នកប្រគួតប្រជែងមានបទពិសោធន៍ជាច្រើននិងមានជាង១០០ជាតិសាសន៍គ្រាំទ្រ។ តើចំណុចនេះមិនមែនមានន័យថា ជាការលើកបន្តុបទេឬ? ព្រោះតាក់ ម៉េងហ៊ាង ខ្លួនឯងក៏បាននិយាយថា លោកហុង លីម ធ្វើបានល្អហើយ ហើយគាត់មកបន្តដំណែង។ ចំពោះរឿងពិតវិញ គឺលោកតាក់ ម៉េងហ៊ាង ទើបតែមកក្រោយទេ បើលោកពិតជាមានសមត្ថភាពខ្លួនឯងមែននោះ វាគួរឲ្យគោរពសរសើរណាស់ ប៉ុន្តែដូចអ្វីដែលផ្សាយ នៅក្នុងកម្មវិធី ៦០នាទីនាពេលកន្លងមក គ្រប់យ៉ាងសុទ្ធតែជាល្បែងស្ពិនភ្នែក តមរៀបដែលលោក Adem Somyrek រៀបចំតែប៉ុណ្ណោះ។ តាមពិតទៅគេបានដឹងរួចទៅហើយថា លោកតាក់ ម៉េងហ៊ាង នឹងក្លាយជាចៅហ្វាយក្រុងដោយស័្វយប្រវត្តិ ទោះបីជាលោកបកស្រាយឆ្លើយតបទៅក្នុងឃ្លីបវីឌីអូ ក៏គ្មានតម្លៃ បោកប្រាស់នរណាម្នាក់បានដែរ។  ប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលីបានដឹងយ៉ាងច្បាស់ថា  ក្រុមលោក ហុង លីម លោក តាក់  ម៉េងហ៊ាង និងលោក ជា យូហ៊ន បន្តគ្នាកាន់ដំណែងបណ្តាក់គ្នាក្នុងរយៈពេល ២៣ ឆ្នាំ ត្រង់ចំនុចនេះ បើមិនពុករលួយគេហៅថាយ៉ាងម៉េចវិញ?

តាមមើលទៅ ពេលនេះ ក្រុមលោក ហុង លីម កំពុងអោបគ្រាប់បែកនាឡិកា រងចាំនាទីចុងក្រោយ។ ទោះបីជាក្រុមនេះ ខំប្រឹងរលាស់ខ្លួន ពីភក់ជ្រាំ ដើ​ម្បី​លុប​លាង​​ពីរឿងអាស្រូវពុករលួយ ប៉ុន្តែ ទ្រនិចនាទីនៃគ្រាប់បែក​នាឡិ​កា កំពុងតែរំកិលដើរទៅមុខ មិនឈប់ឡើយ។ ក្រុមលោក ប្រហែ​លជាដឹងខ្លួនថា ឈរជើងលែងជាប់ ក្នុង​ភាគ​ហ៊ុនន​យោ​​បាយ​អូស្ត្រាលីទៀតហើយ បាន​​​ជាខំប្រឹងចេញ​មុខថ្លែងសារការពារខ្លួន តាម​ប្រព័ន្ធផ្សព្វផ្សាយ ក្រោយរឿងអា​ស្រូវពុករលួយ​របស់ខ្លួន ត្រូវបានមហាជនដឹងលឺ។

សូមបញ្ជាក់ជូនថា SKY NEWS នឹងបន្តធ្វើការផ្សាយនូវវីឌីអូទាំងស្រុងជាភាសាខ្មែររបស់កម្មវិធី៦០នាទី ដែលរៀប​រាប់យ៉ាងក្បោះក្បាយនូវអំពើពុករលួយស្អុយគគ្រុក មានលក្ខណៈជាប្រព័ន្ធរបស់ក្រុមលោក ហុង លីម និងលោកតាក់ ម៉េងហ៊ាង បន្ថែមទៀត។ លោក ហុង លីម និងលោក តាក់ ម៉េងហ៊ាង គឺជាប្រជាពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ ហើយអ្នកទាំងពីរតែងតែធ្វើការសកម្មភាពតិះដៀលរាជរដ្ឋាភិបាលកម្ពុជាយ៉ាងគឃ្លើន និងអយុត្តិធម៌បំផុត។ ពេលនេះក្រុមលោក ហុង លីម កំពុងបាចអង្កាមច្រាសខ្យល់ហើយ (សំលេង)។

ចំពោះរឿងតុលាការនៅប្រទេសអូស្ត្រាលី ដែលកំពុងស៊ើបអង្កេតដំណើររឿងក្តីរបស់ Adem Somyrek ថា ពិតជាបានប្រព្រឹត្តអំពើពុករលួយ ឬមិនពុករលួយ ហើយពិតជាមានការជាប់ពាក់ព័ន្ធជាមួយក្រុមលោក ហុង លីម និងលោក តាក់ ម៉េងហ៊ាង ឬក៏អត់នោះ គឺទុកឱ្យច្បាប់នៃប្រទេសអូស្ត្រាលី ជាអ្នកវិនិច្ឆ័យចុះ។

SKY NEWS នឹងធ្វើការផ្សព្វផ្សាយនូវព័ត៌មានរបស់ក្រុមនេះជាបន្តទៀត តាមលំដាប់លំដោយ។ យើងនៅតែជឿជាក់ថា តុលាការអូស្រ្តាលី នឹងរកឃើញនូវការពិត ហើយ SKY NEWS នឹងផ្សព្វផ្សាយបន្ត បើសិនមានការជាប់ពាក់ព័ន្ធនឹងលោក Adem Somyrek ចំពោះរឿងរ៉ាវពុករលួយជាប្រព័ន្ធនេះ។

គោលបំណងរបស់ SKY NEWS ក្នុងការផ្សព្វផ្សាយព័ត៌មាននេះឡើង គឺដើម្បីបង្ហាញប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី អោយបានយល់ច្បាស់នូវអំពើរបស់ក្រុមលោក ហុង លីម លោក តាក់  ម៉េងហ៊ាង និងលោក  ជី  យូហ៊ន ដែលតាំងខ្លួនឯង ធ្វើជាអ្នកនយោបាយស្អាតស្អំ ហើយក៏ជាមូលដ្ឋាន និងជាទឡ្ហីករណ៍ទុកអោយប្រជាពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ ជាអ្នកវាយតម្លៃទៅចុះ ។

ព័ត៌មានដែល SKY NEWS ផ្សព្វផ្សាយនាពេលនេះ គឺបានប្រភពមកពី ឯកសារកម្មវិធី៦០នាទី និងពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ដែលបានផ្តល់មក SKY NEWS តែប៉ុណ្ណោះ៕ (អត្ថបទ៖ Sky News)

ព័ត៌មានពាក់ព័ន្ធបន្ថែម៖ https://bit.ly/3g5nE9R