អាសូរណាស់! យុវជនម្នាក់កាត់ស្មៅមិនប្រយ័ត្ន ត្រូវផ្លែឡាមម៉ាស៊ីនប៉ះថ្ម ខ្ទាតចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ

(រតនគីរី)៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលផ្លែឡាមម៉ាស៊ីនកាត់ស្មៅ ដែលខ្លួនកំពុងកាត់ប៉ះថ្ម បែកផ្លែឡាមរួចហោះផ្លាតមកបុកចំថ្ងាស ដែលហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង៤ និង០០នាទីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់អាជ្ញាធរស្រុកអូរជុំ បានបញ្ជាក់ថា ជនរងគ្រោះខាងលើ មានឈ្មោះយ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ទំពួន មុខរបរធ្វើចំការ  មានទីលំនៅភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគីរី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរូបនេះ បានទៅកាត់ស្មៅស៊ីឈ្នូលឲ្យឈ្មោះភើន ប្លាន់ នៅភូមិជាមួយគ្នា នៅចំការខាងជើង ភូមិការម៉ែនតូច ចម្ងាយប្រហែល៣គីឡូម៉ែត្រ។

ប្រភពដដែលបានបន្តទៀតថា ពេលគាត់កំពង់កាត់ស្មៅ ស្រាប់តែឡាមម៉ាស៊ីនកាត់ស្មៅប៉ះថ្ម បណ្តាលឲ្យបែកផ្លែឡាម មួយកំណាត់   ហោះបុកត្រូវចំក្បាលពីខាងមុខលើថ្ងាស បណ្តាលឲ្យដួលស្លាប់តែម្តង។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ច មូលដ្ឋាន បានចុះធ្វើកំណត់ហេតុ រួចក៏ប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ Micheal