ប្តីប្រពន្ធពីរនាក់ឈ្លោះប្រកែកដណ្តើមកូន បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង

(បាត់ដំបង)៖ មានការភ្ញាក់ផ្អើលក្រោយប្តី ប្រពន្ធ ពីរនាក់ឈ្លោះប្រកែកគ្នាដណ្ដើមយកកូន ពេញប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមការបញ្ជាក់អះអាងពីភាគីជាប្រពន្ធ ឈ្មោះ តី ដែលបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ បានអោយដឹងថា ខ្លួនជាមួយឈ្មោះ ថោង ចាន់ធារិទ្ធ ស្រលាញ់ជាសង្សារនិងគ្នាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនបានចុះអេតាស៊ីវិលជាមួយគ្នាអីនោះទេ ហើយការរស់នៅជាមួយគ្នារយះពេលកន្លងមក ឈ្មោះ ចាន់ ធារិទ្ធ តែងតែធ្វើបាបមកលើរាងកាយអ្នកស្រីជាបន្តបន្ទាប់ រហូតនៅពេលដែលអ្នកស្រីឈឺពោះកើតកូនធ្លាក់ឈាមគេថា យើងយកកម្មយកពៀរគេណាស់។

អ្នកស្រីបន្តថា លុះមួយរយះពេលក្រោយមក កូនបានជាងមួយខួបឈ្មោះ ចាន់ធារិទ្ធ បានយកកូនមកចិញ្ចឹមបានប្រហែល២០ថ្ងៃ តែការចំណាយថ្លៃទឹកដោះគោ និងការស្លៀកពាក់ផ្សេងៗគឺអ្នកស្រីជាអ្នកផ្តល់ផ្ញើលុយអោយទាំងអស់។

ចំណែកលោក ថោង ចាន់ធារិទ្ធិ ដែលត្រូវជាប្តីរស់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានរៀបរាប់អោយដឹងដែរថា លោកស្រលាញ់និងរស់នៅជាមួយប្រពន្ធឈ្មោះ តី អស់រយៈពេល០៦ឆ្នាំមកហើយ ទើបបានកូនប្រុសមួយដែលទើបមានអាយុ០១ខួប០៩ខែ ដោយសារតែប្រពន្ធរត់រហូតមិនបានរស់នៅជុំគ្នានោះទេ។

មានថ្ងៃមួយគ្រួសារលោកមានទាំងកូនស្រីប្រពន្ធប្តីមុនម្នាក់ផង បាននាំគ្នាទៅហូបអីនៅហាងមួយជុំគ្នា លុះក្រោយមកប្រពន្ធឈ្មោះតីបានប្រើលោកទៅទិញច្រកម្ហូប ភ្លាមនោះគេក៏បាននាំយកកូនស្រីគេគេចទៅបាត់ ដោយទុកកូនប្រុសតូចចោលអោយលោកមើលថែ។

លុះនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ក៏បានណាត់គ្នាមកសាលាឃុំបឹងរាំង ក្នុងស្រុកកំរៀងដើម្បីផ្តិតមេដៃរឿងលក់ដី ក៏ស្រាប់តែនាង(ប្រពន្ធ)បានប្រើល្បិចនិងយកកូនគេម្តង៕ ដោយ សាលី (យុទ្ធ)