ចោរគាស់ផ្ទះបុគ្គលិកអប់រំស្រុកកោះធំម្នាក់ លួចលុយអស់ប្រមាណ១៦លានរៀល !

(កណ្តាល) ៖ ផ្ទះរបស់បុគ្គលិកការិយាលយ័អប់រំស្រុកកោះធំម្នាក់ត្រូវចោរមិនស្គាល់មុខរលួចគាស់ផ្ទះលួចយកលុយខ្មែរនិងលុយដុល្លារអស់ជាង១៦លានរៀល កាលពីថ្ងៃចន្ទទី២៩ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹកនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះឆេង សុធន ភេទប្រុស អាយុ៥៣ឆ្នាំខ្មែរ មានទីលំនៅ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរបុគ្គលិកការិយាលយ័អប់រំស្រុកកោះធំ។ សម្ភារៈបាត់បង់តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះមាន លុយរៀលចំនួន១៤លានរៀល(ដប់បួនលានរៀល) លុយអាមេរិក៥៥០ដុល្លារ(ប្រាំរយហាសិបដុល្លារអាមេរិក)។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

ប៉ូលិសបន្តថា នៅព្រីកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រឹក ជនរងគ្រោះ បានចេញពីផ្ទះទៅធ្វើការនៅការិយាលយ័អប់រំស្រុកកោះធំ។ចំណែកប្រពន្ធបានទៅភ្នំពេញដោយទុកកូនប្រុសម្នាក់ឈ្មោះឆេង អានន្ទ អាយុ១៤ឆ្នាំឱ្យនៅចាំផ្ទះ ។លុះនៅវេលាម៉ោង៨ព្រឹកឈ្មោះឆេង អានន្ទ មិនបាននៅចាំផ្ទះទេបានបិតទ្វារចាក់សោផ្ទះរួចបានចេញដើរលេងបាត់។

រហូតដល់ម៉ោង១០និង៣០នាទីថ្ងៃដដែលទើបមកផ្ទះវិញ ក៏ឃើញមានស្នាមគេលួចគាស់បង្អួចចូលក្នុងផ្ទះនិងគាស់ទូរើកកាយ អីវ៉ាន់ហើយបានលួចយកលុយខ្មែរនិងលុយដុល្លារយកបាត់អស់ចំនួនដូចខាងលើ។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍និងកម្លាំងប៉ូលិសជំនាញស្រុក បានចុះទៅពិនិត្យកន្លែងកើតហេតុនិងកំពុងបន្តការស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ភាវុន (យុទ្ធ)