ឈយ ពស៊ាង តារាពហុជំនាញម្ចាស់បទ  “ រាស្រ្តសាមញ្ញ”

ឈយ ពស៊ាង ត្រូវបានមហាជនចាប់អារម្មណ៍ជាលើកដំបូងនៅក្នុងកម្មវិធីប្រកួតប្រជែងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៣។ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងកម្មវិធីមួយនេះ ក៏យុវជនមកពីខេត្តសៀមរាបរូបនេះ មានភាពលេចធ្លោខ្លាំងក្នុងការបង្ហាញសមត្ថភាពក្នុងវគ្គ Judge Audition តាមរយៈបទ “Will you be my sister?” ដែលជាបទនិពន្ធទំនុកច្រៀង និងមេឡូឌី ដោយតារាថ្មោងថ្មីរូបនេះផ្ទាល់តែម្ដង។ សមត្ថភាពសំឡេង ការតែងនិពន្ធ បូករួមទំាងការចេះប្រើឧបករណ៍តន្រ្តីមួយចំនួនទៀតនោះ អាចនិយាយបានថាតារាសម្បុរស្រអែមស្រស់រូបនេះមានទុនពហុជំនាញគួរឱ្យកត់សម្គាល់ក្នុងការស្ដារកេរ្តិ៍ឈ្មោះក្នុងវិថីផ្កាយនេះ។

ដោយសារសមត្ថភាពសំឡេង និងទេពកោសល្យទាំងព្រម ទើបនៅដើមឆ្នាំ ២០២០ តារារូបនេះក៏លេចវត្តមានក្នុងផលិតកម្មថ្មីមួយគឺ GMB Entertainment ដែលជាផលិតកម្មមានទស្សនៈវិស័យក្នុងការផលិតបទចម្រៀង បង្ហាញពីអត្តសញ្ញាតរបស់ខ្លួន បណ្ដុះតារាចម្រៀងឲ្យចេះស្គាល់អ្វីជាការរួបរួម និងភាពជាខ្លួនឯង  ឆ្ពោះទៅរកសន្ដិភាព និងការបង្កើតស្នាដៃពោរពេញដោយការចែករំលែកក្ដីស្រលាញ់ និងភាពជាសកល។

លោកសាន ពសុធា ប្រធានគ្រប់គ្រងការផលិតរបស់ GMB បានឱ្យដឹងថា ស្នាដៃរបស់លោក ពស៊ាង ក្នុងផលិតកម្មនេះមានដូចជាបទ “ព្រះនាង”  “will you be my sister?” “Jealousy”  “រាស្រ្តសាមញ្ញ” “អង្វរតេជគុណ” និងបទ “កម្មលិខិត” ជាដើម។ក្នុងនោះ បទដែលទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនគឺបទ “រាស្រ្តសាមញ្ញ”។ ក្នុងរយៈពេលត្រឹមតែ ៥ ខែប៉ុណ្ណោះបទនេះមានចំនួនអ្នកចុចស្ដាប់រហូតដល់ជាង ៨ លានដងឯណោះ។ នេះជាតួលេខមួយជោគជ័យគួរឱ្យកត់សម្គាល់ក្នុងនាមជាតារាថ្មោងថ្មីមួយរូប។

ប្រធានគ្រងគ្រងការផលិតរូបនេះបានបង្ហើបឱ្យដឹងទៀតថា ឆាប់ៗនេះ តារាចម្រៀងល្បីឈ្មោះក្នុងស្រទាប់យុវវ័យ ឈយ ពស៊ាង នឹងចេញ Mini album មួយដែលប្រមូលផ្ដុំទៅដោយបទពីរោះៗ និងធានាបង្កប់នូវអត្ថន័យ រសជាតិថ្មីប្លែកដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់ខ្លួន។  គួរបញ្ជាក់ឱ្យដឹងថាបទចម្រៀងរបស់លោក ពស៊ាង ស្ទើរតែទាំងអស់គឺសុទ្ធតែជាការនិពន្ធទំនុកនិងមេឡូឌីដោយតារាវ័យក្មេងរូបនេះផ្ទាល់តែម្ដង ដែលសមត្ថភាពនេះគឺជាមូលហេតុចម្បងស្ទួយឱ្យតារារូបនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សពីស្រទាប់មហាជន៕(ដោយ៖ ភូមិន្ទ)