អង្គភាពប្រឆាំង អំពើពុករលួយ បញ្ជូនលោកឧញ៉ា សង ថន ទៅតុលាការក្នុងសំណុំរឿងដីធ្លី នៅគាស់ក្រឡ

(បាត់ដំបង)៖ អង្គភាពប្រឆាំង អំពើពុករលួយ(ACU) នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០នេះ បានសម្រេចឃាត់ខ្លួនលោកឧញ៉ា សង ថន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី ៣០ ខែមិថុនានេះ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយក្នុងវិស័យដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ឱម យ៉ិនទៀង ប្រធាន អង្គភាព ប្រឆាំង អំពើ ពុករលួយ ឱ្យដឹងថា ការសម្រេចឃាត់ខ្លួនលោក ឧញ៉ា សង ថន បន្ទាប់ពីស្តាប់ចម្លើយសាកសួរ ហើយ ACU មានតម្រុយភស្តុតាង អំពីអំពើពុករលួយ នៅក្នុងវិស័យដីធ្លីនៅស្រុកគាស់ក្រឡ។

លោក ឧញ៉ា សង ថន មានជាប់ពាក់ព័ន្ធនិងអំពើពុករលួយ ដីធ្លីចំនួនប្រមាណ ៥ ពាន់ហិចតា(៥០០០) នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក​ឧកញ៉ា​សង ថន មានដីនៅស្រុកគាស់ក្រឡ ហើយបានប្រមូលទិញដីជាច្រើនបន្ថែមទៀត ពីប្រជាពលរដ្ឋ និងអតីតយោធិនចូលនិវត្តន៍យកមកគ្រប់គ្រង។

ប៉ុន្តែពេលនោះក៏បែរជាផ្ទុះការតវ៉ាពីប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតដែលពួកគេបានអះអាងថា ដីដែលឧញ៉ាទិញ ជាដីរបស់ពួកគេ បានអាស្រ័យផលជាច្រើនឆ្នាំមកហើយទៅវិញ។ រហូតដល់អំឡុងឆ្នាំ២០០៨-២០០៩ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចូលកាប់ឆ្ការរានដីដែលគាត់អះអាងជាកម្មសិទ្ធខ្លួនឡើងវិញ ។ ហើយក៏ផ្ទុះជម្លោះរាំរ៉ៃ ដោះស្រាយមិនចេញរហូតដល់បច្ចុប្បន្ន។

ការឃាត់ខ្លួនបញ្ជូនទៅតុលារការលើឧញ៉ារូបនេះ គឺបានធ្វើឡើងស្របគ្នា នឹងការសម្រេចដកតំណែងអភិបាលស្រុកគាស់ក្រឡ លោក ម៉ៅ សុចាន់ ឱ្យទៅបម្រើការងារនៅសាលាខេត្តវិញ ដោយមិនបញ្ជាក់មូលហេតុ តែត្រូវគេដាក់ការសង្ស័យថា ជាប់ទាក់ទិននឹងសំណុំរឿង នៅស្រុកគាស់ក្រឡ៕ (ដោយ៖ ឡេង ដេត)