ជនជាតិចិនម្នាក់ទៀតហើយ នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានអារ-កខ្លួនឯង

(ពោធិ៍សាត់)៖ ជនជាតិចិនម្នាក់ទៀតហើយនៅព្រំដែនកម្ពុជាថៃ ត្រូវបានអារ-កសម្លាប់ខ្លួនឯងដោយពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ។

ករណីអត្តឃាតកម្មអារ.កសម្លាប់ដែលបង្កឡើងដោយជនជាតិចិន រហូតមកដល់ម៉ោងនេះគេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយនោះទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ពីក្រុមគ្រួពេទ្យប្រទេសថៃ ។

អធិការនគរបាលស្រុកវាលវែង លោកវីរៈសេនីយ៍ឯក​ ទៀង លេង បានតាមរយៈទូរស័ព្ទ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិចិន ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ Yao XiaoDong៧ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក អនឡាញ បច្ចុប្បន្ន ស្នាក់ភូមិ.ឃុំកើតហេតុ ។

លោកបានបន្ថែមថា ជនរងគ្រោះជនជាតិចិនបានយកផ្លែឡាមកោពុកមាត់អារ.ក ខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅខេត្តត្រាត ប្រទេសថៃ ជាប់ព្រុំដែន ហើយករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ រង់ចាំជនរងគ្រោះខាងលើត្រឡប់មកពីមន្ទីរពេទ្យ ។

សូមបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះក៏មានជនជាតិចិនម្នាក់ បានត្រូវខ្យល់គដួលស្លាប់នៅក្នុងកន្លែងស្នាក់នៅរបស់ជនជាតិចិនមានមុខរបរជាអ្នកធ្វើនំប៉ាវ ៕ ដោយ សុក្ខារិន (យុទ្ធ)