ឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀនជាង៦ពាន់គ្រាប់

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស ជួញដូរថ្នាំញៀនជាង៦ពាន់គ្រាប់ ។ ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល និងបន្តស្រាវជ្រាវដល់ផ្ទះជនសង្ស័យ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមលោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញរបស់លោក បានចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលមានឈ្មោះ ឈិន សំពៅ ភេទប្រុស អាយុ៥១ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបានបន្តទៀតថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនដូចជា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈឈូក មានអក្សរ wy លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ពណ៌ខៀវ ស្មើនឹង៦.០០៥គ្រាប់ ដោយក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់ មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម, ទូរស័ព្ទដៃ២គ្រឿង, ធុងទឹកកកពណ៌ក្រហម ដែលជនសង្ស័យលាក់ទុកថ្នាំញៀន ចំនួន១កាបូប និងសម្ភារមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ចេស្តា (Micheal)