រដ្ឋមន្ត្រីថាវិស័យទេសចរណ៍កំរើកឡើងវិញចាប់ពីដើមខែឧសភា

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា ទទួលរង​ឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ តែសង្កេតឃើញសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើម​ខែ​ឧសភាមក។ លោករដ្ឋមន្ត្រីលើកឡើង ក្នុងពិធី ប្រកាសដាក់ ឱ្យអនុវត្តវិធាន​សុវត្ថិ​ភាពទេស​ចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅទៅទាំងប្រទេស នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០។

លោកថោង ខុន បានបន្តថា ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈ​ពេល​​៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុង​ស្រុកនៅតែបន្តកើន​ឡើង​ជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។

សម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានទេសចរបរទេសចំនួន ជិត៨​សែននាក់(៧៧៥,៧៥០​)ថយចុះ -៤៦.២%​បើប្រៀបធៀបនឹងរយៈ​ពេលដូចគ្នាឆ្នាំ​២០១៩។

បើតាមលោកថោងខុន ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះ​ពាល់ជាច្រើន​ដល់​ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្ម​ទេសចរ​ណ៍​បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់។ យ៉ាងណាមិញយើងសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញ​មិនទទួល​រងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេស​ចរណ៍ធំៗផ្សេងទៀតឡើយ។

ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទី​តាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់​ក្នុងវិស័​យ​សរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣%​នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍​សរុបទូទាំង​ប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវា​កម្ម​ស្ប៉ា​និងម៉ា​ស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។

ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល៕(ឡេង ដេត)