ពាក្យគ្រាមភាសារបស់អ្នកខេត្តកំពត ដែលគួរឈ្វេងយល់

គ្រាមភាសា គឺជាពាក្យសំដីដែលអ្នកស្រុកភូមិនីមួយៗនិយាយតាមទម្លាប់ ល្អៀងពីអក្សរ ឬ ពីពាក្យដើម។ តាមបណ្ដាខេត្តក្រុងមួយចំនួន តែងមានពាក្យគ្រាមភាសាប្រើប្រាស់ទៅតាមតំបន់ ហើយមានពាក្យមួយចំនួនស្ដាប់មិនបានឬមិនយល់ន័យសេចក្ដីអ្វីឡើយបើមិនមានការពន្យល់បកស្រាយពីម្ចាស់ស្រុកនោះ។ ខណៈនេះ Sky News នឹងដកស្រង់ពាក្យគ្រាមភាសាមួយចំនួនក្នុងខេត្តកំពត មកបកស្រាយន័យជូន។

១/. ប៉េតប៉ត៖ គឺជាអ្នកដើរគ្រៀវជ្រូកតាមភូមិ។

២/. ម៉ូតូអូម៖ គឺជាអ្នករត់ម៉ូតូឌុប។ គេតែងចំណាំនិយាយថា ពូម៉ូតូអូម ជំនួសឱ្យពូម៉ូតូឌុប។

៣/. មិត៖ គឺមានន័យថា រត់។ គេចំណាំនិយាយថា មិតឱ្យលឿន ជំនួសឱ្យពាក្យ រត់ឱ្យលឿន។

៤/. ប៉ាហួក៖ គឺមានន័យថា ប្រហុក។

៥/. គី៖ គឺជា កាពិ។

៦/. ខែអូង៖ គឺព្រះចន្ទ។

៧/. ហ្សូវ៖ មានន័យថាស្រូវ។

៨/. ហ្សែ៖ មានន័យថាស្រែ។

៩/. ខ្លាំ៖ មានន័យថា ចានដែក។

១០/. ក្ងាវ៖​ គឺមានន័យថាកណ្ដៀវសម្រាប់ច្រូតស្រូវ ។

១១/. ចៃណា៖ មានន័យថាប៊ិះត្រូវ។ ឧទាហរណ៍គេនិយាយថា ចៃណាដើរធ្លាក់ប្រឡាយជាដើម។

១២/. ចួនអី៖ គឺមានន័យថា ជួនកាល។ ឧទាហរណ៍គេនិយាយថា ជួនអីគាត់ទៅរៀន ជួនអីក៏អត់។

១៣/. កុន៖ មានន័យថាប្រញាប់ ឬក្នុងកាលៈទេសៈបន្ទាន់អ្វីមួយ។ គេអាចនិយាយថាកុនលុយដោះទាល់ ឬកុនបត់ជើងតូចធំជាដើម។

គួរបញ្ជាក់ថា នេះគ្រាន់តែជាពាក្យគ្រាមភាសាមួយចំនួនដែលអ្នកស្រុកជុំគិរីក្នុងខេត្តកំពតប្រើប្រាស់តែប៉ុណ្ណោះ។ ប៉ុន្តែពាក្យទាំងនេះអាចនឹងមិនដែលឮ មិនដែលប្រើប្រាស់ក្នុងស្រុកផ្សេងទៀតនៅខេត្តកំពតនោះទេ។ ព្រោះគ្រាមភាសាគ្រាន់តែជាការប្រើប្រាស់ពាក្យតាមតំបន់ ឬតាមភូមិស្រុកណាមួយគ្មានការកំណត់ជាក់លាក់នោះឡើយ៕

(ទេសភាពទំនប់ម្លេច ក្នុងស្រុកជុំគិរី ខេត្តកំពត)

(ដោយ៖ ភូមិន្ទ)