អគ្គនាយកដ្ឋានពន្ធដារចេញ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់សេវាពន្ធដារលើការប្រគល់ប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ

(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់សេវាពន្ធដារលើការប្រគល់ប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ និងធនាគារពាណិជ្ជ។

យោងតាមសេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានបោះពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ ប្រភេទតាមការស្នើសុំរបស់ម្ចាស់យានយន្ត ដែលបានបង់កម្រៃសេវា៥,០០០ រៀលរួចរាល់ និងបានធ្វើការប្រគល់ជូនម្ចាស់ យានយន្តបានមួយចំនួន។
ចំណែកម្ចាស់យានយន្តមួយចំនួនទៀត ពុំទាន់ទទួលបានប័ណ្ណនៅឡើយដោយមូលហេតុ ពុំអាចធ្វើការទំនាក់ទំនងម្ចាស់យានយន្តបាន និងពុំទាន់អញ្ជើញមកទទួលយកប័ណ្ណសម្គាល់នេះ សាខាពន្ធដារខេត្ត-ខណ្ឌ ឬ ធនាគារពាណិជ្ជ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ដូចនេះដើម្បីសម្រួលដល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់ ដែលបានស្នើសុំប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយ អញ្ជើញមកទទួលយក ប័ណ្ណសម្គាល់នេះនៅរៀងរាល់ម៉ោងធ្វើការនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារពាណិជ្ជ ដែលលោកអ្នកបានស្នើសុំធ្វើប័ណ្ណសម្គាល់ខាងលើ និងសូមផ្តល់នូវព័ត៌មានមួយចំនួនដូចជា បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធចុងក្រោយ (ថតចម្លង ) ឬ ប័ណ្ណសម្គាល់យានយន្ត (ច្បាប់ដើម ) ដើម្បីរដ្ឋបាលសារពើពន្ធងាយស្រួលស្វែងរកប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយ ជួនបានឆាប់រហ័ស ។

ចំពោះម្ចាស់យានយន្ត ដែលពុំទាន់បានស្នើសុំប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយ អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់យានយន្តអញ្ជើញមកបំពេញពាក្យស្នើសុំ និងបង់កម្រៃសេវា៥,០០០រៀល នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលនៅជិតលោកអ្នក ដើម្បីធ្វើការបោះពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយជួនភ្លាមៗ៕ ដោយ៖ Micheal