លោក ហង់ ជួនណារ៉ុន ថា ត្រូវយកចិត្តទុកដាក់ការធ្វើបញ្ជីសារពើភ័ណ្ឌ ទុកជាធុនធានខួរក្បាលរបស់ជាតិ

(ភ្នំពេញ)៖ ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីល្ងាចថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធបានថ្លែងថា ក្នុងកាលៈទេសៈដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម  ត្រូវបានរាជរដ្ឋាភិបាលប្តូរឈ្មោះ ជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  និងត្រូវបានបង្កើតអគ្គនាយកដ្ឋានចំណុះថ្មីមួយ ហៅថា អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានមួយ គឺ៖វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ ។ លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា ការបង្កើតអគ្គនាយកដ្ឋាននេះ ដើម្បីឲ្យស្រប នឹងនិន្នាការរីកចម្រើន នៃបរិបទបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចបែបឌីជីថល។ ភាពចាំបាច់ចំពោះមុខជាតម្រូវការធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ដែលនៅបែកខ្ញែកគ្នា តាមស្ថាប័ន ក្រសួង មន្ទីរ វិស័យឯកជនក៏ដូចជានៅក្នុងអង្គការក្រៅរាជរដ្ឋាភិបាលជាដើម ដែលជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធសហការគ្នា ដើម្បីធ្វើជាបញ្ជីសារពើភ័ណ្ឌប្រមូលផ្តុំទុកជាខួរក្បាលរបស់ជាតិ រួមទាំងការផ្តោតទៅលើសិស្សលេចធ្លោ ដែលកំពុងសិក្សាក្នុងសាលារៀន និងបញ្ញវន្តដែលបញ្ចប់ការសិក្សារួចហើយផងដែរ។

ឆ្លើយតបទៅនឹងកិច្ចប្រជុំនាឪកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនបានថ្លែងថាឆ្លងកាត់ការពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមក សាមីក្រសួងទាំងពីរបានបង្ហាញនូវសារៈសំខាន់នៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងការអភិវឌ្ឍធននធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ហើយត្រូវយកចិត្តទុកដាក់ការធ្វើបញ្ជីសារពើភ័ណ្ឌ ទុកជាធុនធានខួរក្បាលរបស់ជាតិ ដែលបច្ចុប្បន្នធនធានទាំងនេះ នៅបែកខ្ញែកគ្នា ហើយក៍មានមួយចំនួនកំពុងបំពេញការងារខុសជំនាញ។ មួយវិញទៀតការងារសំខាន់បំផុត គឺការសម្រួចខួរក្បាលធុនធានទាំងនេះ តាមរយៈការរៀនសូត្រផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង។

លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ការបញ្ចប់សញ្ញាបត្រពីសាលា រឺសាកលវិទ្យាល័យ យើងអាចចាត់ទុកថា៖ជាចំណេះដឹងមូលដ្ឋាន និងបែបទ្រឹស្តីភាគច្រើន ។ ដូច្នេះជាយន្តការ ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា ធ្វើសមាហរណកម្មធនធានទាំងនោះ តាមរយៈកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយសាកលវិទ្យាល័យជំនាញ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាដើម ដើម្បីឲ្យប្រាកដថាធនធានមួយណាមានតម្រូវការជាក់ស្តែង និងក៏ជាមូលដ្ឋានបែងចែកធនធានឲ្យត្រូវមុខសញ្ញាការងារ ។ រាជរដ្ឋាភិបាល ត្រូវសហការរៀបចំវេទិកា រឺសិក្ខាសាលានានា ដើម្បីធ្វើជាព្រឹត្តិការណ៌ជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ រឺការផ្ទេរចំណេះដឹងថ្មីៗ រវាងអ្នកបានប្រឡូកក្នុងការងារជាក់ស្តែងតាមចំណេះដឹងដែលខ្លួនមាន និងអ្នកដែលទើបបញ្ចប់ការសិក្សាជំនាញពីសាលា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលត្រូវមានធនធានសមស្រប ដោយសហការជាមួយដៃគូអភិវឌ្ឍន៌ និងប្រទេសផ្តល់ជំនួយ សម្រាប់ការងារស្រាវជ្រាវ និងការអភិវឌ្ឍ អភិវឌ្ឍធនធានគ្រូបង្រៀន គ្រូឧទ្ទេសនាម ជំនាញការ និងធនធានឧបករណ៌សម្ភារៈ ដូចជាមន្ទីរពិសោធន៌ជាដើម ។

សូមបញ្ជាក់ថា នាពេលខាងមុខនេះថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តពិភាក្សាជាមួយក្រសួងផែនការ និងចុះសិក្សាស្វែងយល់តាមសាកលវិទ្យាល័យជំនាញផ្សេងៗទៀត ដើម្បីទទួលបានធាតុចូលថ្មីៗថែមទៀតសម្រាប់ជាឃ្លាំងសម្រាប់ផ្ទុកនូវចំណេះដឹង និងធនធានមនុស្សជាកត្តាសំខាន់បំផុត៕ ដោយ៖ ភក្តី (យុទ្ធ)