កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន- អូស្រ្តាលី ពិភាក្សាពីវិធានការនានា ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានអូស្រ្តាលីស្តីពីជំងឺឆ្លងកូវីដ១៩ តាមប្រព័ន្ធវីដេអូ (Video Conference) ហើយម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ានអូស្រ្តាលី បានធ្វើជាសហប្រធានជាមួយអូស្រ្តាលី ដឹកនាំកិច្ចប្រជុំពិសេសនេះ។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហ ប្រតិបត្តិការ ក្នុងកិច្ចសហការសង្រ្គោះបន្ទាន់លើផ្នែកសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយផ្ដោតលើវិស័យចំនួន៣ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម ដែលជាអាទិ៍រួមមានសន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច។ ដើម្បីឆ្លុះបញ្ចាំងពីកម្ពស់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ានអូស្រ្តាលីជាចម្បង ភាគីទាំងពីរបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពអាស៊ានអូស្រ្តាលី (២០២០២០២៤) ដើម្បីកសាងការឆ្លើយតបតំបន់មួយ ដែលអាចកាត់បន្ថយបាននូវផលប៉ះពាល់លើវិស័យសុខាភិបាល និងសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីជំងឺឆ្លង និងដើម្បីគាំទ្រគ្នាទៅវិញទៅមកនៅក្នុងដំណាក់កាលជាសះស្បើយឡើងវិញ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សា អំពីវិធានការនានាដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងភាពរឹងមាំស្អិតរមួត ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យបើកចំហ ដើម្បីធានាឱ្យបាននូវលំហូរទំនិញចាំបាច់សំខាន់ៗ ដូចជាស្បៀងអាហារ ឱសថ និងសម្ភារៈប្រើប្រាស់ចាំបាច់នានា។

កិច្ចប្រជុំបានឯកភាពគ្នាធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិពាក់ព័ន្ធនានា  ជាពិសេសអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួន និងការឆ្លើយតបរួមគ្នា ចំពោះជំងឺរាតត្បាត និងទប់ស្កាត់ផលប៉ះពាល់ក្នុងរយៈពេលវែង។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអូស្រា្តលី  បានធ្វើការផ្លាស់ប្ដូរទស្សនៈ អំពីបទពិសោធន៍ និង

ឧត្តម្មានុវត្តន៍របស់ប្រទេសនីមួយៗ ក្នុងការទប់ស្កាត់ បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩។ ក្នុងអំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលបានផ្ដល់នូវជំនួយថវិកា ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព (Health Equity and Quality Improvement Project – H-EQIP)” ក៏ដូចជាបានផ្ដល់នូវការគាំទ្រដោយផ្ទាល់ថែមទៀតដល់កម្ពុជា ខាងផ្នែកវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបចំពោះជំងឺកូវីដ១៩។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈមួយចំនួនដូចជា ទី១. អាស៊ានបានធ្វើការយ៉ាងសកម្ម ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩នេះ ក្នុងការឆ្លើយតបជាសមូហភាព ដែលមិនត្រឹមតែធ្វើការឆ្លើយតបរវាងបណ្តាប្រទេសសមាជិក អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយដៃគូខាងក្រៅទៀតផង។ ដំណោះស្រាយដែលប្រកបដោយបុរេសកម្មរបស់អាស៊ាន អាចផ្ញើសារយ៉ាងច្បាស់មួយថា នៅក្នុងពេលមានវិបត្តិ សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនការសម្របសម្រួលនិងការឆ្លើយតបរួមគ្នា ក៏ដូចជាសាមគ្គីភាពជាអន្តរជាតិ។

ទី២. អាស៊ាន និងអូស្រ្តាលី ត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះការឆ្លងរលកទីពីរនៃជំងឺរាតត្បាតនេះ  ខណៈពេលដែលបណ្តា

ប្រទេសទាំងឡាយកំពុងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវរៀងៗខ្លួន ដើម្បីបន្ធូរបន្ថយការរឹតបណ្តឹងចំពោះជំងឺកូវីដ១៩។ យើងទាំងអស់គ្នាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺរាតត្បាតនេះជាមួយគ្នាលើគ្រប់ផ្នែកទាំងអស់ ស្របតាមការប្តេជ្ញាចិត្តរួមគ្នានៅមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣។

ទី៣. ជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពជាក់ស្តែងអាចត្រូវបានសម្រេច តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅពេលវេលាដ៏ឆាប់ខាងមុខ។

ទី៤. អាស៊ាន និងអូស្រ្តាលីគួរតែសហការគ្នានៅគ្រប់កម្រិត ដើម្បីអភិវឌ្ឍ ធ្វើតេស្ត និងបង្កើនផលិតកម្មឱសថ និងវ៉ាក់សាំងការពារ សម្រាប់ជំងឺរាតត្បាតកូវីដ១៩នេះ ឱ្យបានប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដោយធានាថា ប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការ អាចមានឱកាសទទួលបានទាន់ពេលវេលានូវឱសថ និងវ៉ាក់សាំងទាំងនេះ ដោយគ្មានការរារាំង។

កិច្ចប្រជុំ ក៏បានពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ានអូស្រ្តាលី សម្រាប់ដំណាក់កាលក្រោយជំងឺឆ្លងកូវីដ១៩ និងទន្ទឹងរង់ចាំការចូលរួមយ៉ាងសកម្មបន្ថែមទៀតរវាងតំបន់ទាំងពីរក្នុងការសម្របសម្រួលការឆ្លើយតបជារួម ដើម្បីបញ្ឈប់ជំងឺរាតត្បាតជាសកលនេះ៕ ដោយ: ភក្តី (យុទ្ធ)