៦ ខែ ឆ្នាំ២០២០៖ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសជិត ៤ សែនតោន

(ភ្នំពេញ)៖ នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២០ កម្ពុជា បាននាំអង្ករចេញទៅក្រៅប្រទេស បានចំនួ​ន​ជិត ៤ សែនតោន(៣៩៧ ៦៦០) កើនឡើង៤១​ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅ​ឆ្នាំ ២០១៩មានចំនួន ជាង២ សែនតោន។ អគ្គនាយកដ្ឋាននៃក្រសួង​កសិកម្មបាន​ឱ្យ​ដឹង​​ថា ជា​អង្ករ​ដែលនាំចេញ​ទៅ​ក្រៅ​ប្រទេសទាំងអស់សុទ្ធតែបានឆ្លងកាត់ការ​ត្រួតពិនិត្យ​ភូត​​​គាម​អនា​ម័យ​។

អគ្គនាយកដ្ឋាននៃក្រសួងកសិកម្មបញ្ជាក់ថា រយៈពេល ១ ខែមិថុនានេះ កម្ពុជា បានស​ម្រេច​​ការ​នាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើ​នឹង ៣២,៥១% ធៀប​ទៅនឹងខែឧសភា ឆ្នាំ២០១៩។

កាលពីពេលកន្លងទៅថ្មីៗនេះ លោក ងិន ឆាយ ប្រធានអគ្គនាយកដ្ឋាននៃក្រសួង ​កសិកម្ម បាន​ឱ្យដឹងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានសន្ទុះ​កើនឡើងខ្លាំង គួរឱ្យកត់សម្គាល់​ក្នុង​នោះ ​ទៅប្រទេសចិនបានចំនួន ១៣៦ ពាន់តោន កើនឡើង​ ២៥,៦% ទៅ​សហ​គមនអឺរ៉ុប កើន​ឡើង​រហូតដល់ ៥៦% ដែលមានបរិមាណ ១២២ ពាន់តោន ទីផ្សារ​អាស៊ាន ៤៥ ពាន់តោន និង​ប្រទេសផ្សេងៗទៀត កើនឡើង ៧៩ ភាគរយ។ លោក ងិន ឆាយអះអាងថា នេះជា​សញ្ញា​មួយ​ល្អ ដោយ​បណ្តារ​ប្រទេសមួយចំនួន នៅសហគមន៍អឺរ៉ុបបាននាំចេញ​ទៅកាន់ប្រទេស​ទាំង​នោះ​មាន​ការ​កើន​​ឡើង​ច្រើន។

បើតាមលោក ងិន ឆាយ ទំហំនៃការនាំចេញអង្ករនៅឆ្នាំនេះ អាចកើនឡើងជិត១លានតោន។ យ៉ាង​ហោច​ណាស់ ក៏បាន ៨០ ម៉ឺនតោនដែរ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស​ដូចជា៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេស​ចិន, ប្រទេស​សមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វីបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹង​នេះក៏មាន​ក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

ប្រភេទអង្ករដែលបាននាំចេញ មានអង្ករចម្រុះគ្រប់ប្រភេទ អង្ករចំហ៊ុយ និងអង្ករក្រហម៕ (ដោយ៖ ឡេង ដេត)

លោក ងិន ឆាយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពភោតគាមអនាម័យ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០