សហភាព​អឺរ៉ុប​បើក​ព្រំដែនឡើង​​វិញ ​ដល់​​ពលរដ្ឋមក​ពី​ប្រទេស ​១៤ តែ​​ហាម​ទេសចរ​អាមេរិក

(អន្តរជាតិ)៖ សហភាព​អឺរ៉ុប ​កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បើក​ព្រំដែន​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន​១៤ ប៉ុន្តែ​ថា ​ពលរដ្ឋ​អាមេរិក​​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល ​យ៉ាង​ហោច​ណាស់ ពីរ​សប្តាហ៍​ទៀត ​ដោយ​សារ​មាន​ការ​កើនឡើង​ករណី​ឆ្លង​កូវីដ១៩ ​ថ្មី ​នៅ​សហរដ្ឋ​អាមេរិក

អ្នក​ធ្វើ​ដំណើរមក​ពី​ប្រទេស​ធំៗ​មួយ​ចំនួន​ទៀត​ដូច​ជា ​រុស្ស៊ី ប្រេស៊ីល និង​ឥណ្ឌា ដែល​មាន​កំណើន​ការ​ឆ្លង​កូវីដ១៩ ក៏​ត្រូវ​បានសហភាព​អឺរ៉ុប​ហាម​ឃាត់​ដែរ ពលរដ្ឋ​មកពីប្រទេសទាំង​១៤​ ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ​រួម​មាន​ ពលរដ្ឋមក​ពី​ប្រទេស​អាល់ហ្សេរី អូស្ត្រាលី កាណាដា ហ្សកហ្ស៊ី ជប៉ុន ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នូវែលសេឡង់ រ្វាន់ដា ស៊ែប៊ី កូរ៉េខាងត្បូង ទុយណេស៊ី ថៃ​ និង​អ៊ុយរូហ្គាយ ប្រទេស​ទាំង​១៤​ដែល​សហភាព​អឺរ៉ុប​ចាត់​ទុក​ថា ​មាន​សុវត្ថិភាព​នេះ ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ពីអឺរ៉ុប​អាច​ធ្វើ​ដំណើរ​ទៅកាន់ប្រទេសទាំងនោះវិញដែរ

មន្ត្រី​អឺរ៉ុប​និយាយថា ​ខ្លួន​ក៏នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចិន​ចូល​ដែរ ​នៅក្រោយពេល​ដែល​ប្រទេស​ចិន​ បាន​លើកលែងបម្រាមធ្វើ​ដំណើរ​នានា​ ដែល​បាន​ដាក់ចំពោះ​ពលរដ្ឋ​អឺរ៉ុប ការ​សម្រេចបើក​តំបន់​អឺរ៉ុប​ឡើង​វិញ​នេះ​ កើត​មាន​ឡើង ​ក្រោយ​ពី​សេដ្ឋកិច្ច​ប្រទេសអឺរ៉ុបមានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ប្រទេស​នៅ​អឺរ៉ុប​ភាគ​ខាង​ត្បូង​ខ្លះ​ ដូច​ជា ​ក្រិក អ៊ីតាលី និង​អេស្ប៉ាញ ពឹង​ផ្អែក​ខ្លាំងលើ​វិស័យ​ទេសចរណ៍ ​ដែល​រង​ផ​បះពាល់​យ៉ាង​ខ្លាំង

ជា​រៀងរាល់​ឆ្នាំ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ ​១៥​លាន​នាក់ តែងតែ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​ ហើយ​មាន​ពលរដ្ឋ​អឺរ៉ុប​ប្រមាណ​ ១០​លាន​នាក់ ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិកវិញដែរ  ប្រែសម្រួល៖ សារិទ្ធិ