ក្រុមហ៊ុនអាកាសចរណ៍ Air Asia ម៉ាឡេស៊ី នឹងបើកជើងហោះហើរមកម្ពុជានៅថ្ងៃទី ៩ ខែកក្កដា សប្តាហ៍ក្រោយ

(ម៉ាឡេស៊ី)៖ ស្ថានទូតកម្ពុជា ប្រចាំទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ម៉ាឡេស៊ី នឹងបើកជើង​ហោះ​ហើរពាណិជ្ជកម្មរបស់ខ្លួន ពីទីក្រុងកូឡាឡាំពួ ទៅ​កាន់​ទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនបានឯកភាពបើកជើងហោះហើរ បន្ទា​ប់​​ពីមានការជម្រុញ ពិភាក្សាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន​អាកាសចរណ៍ Air Asia ដែល​ក្រុម​ហ៊ុននេះ បានពន្យាជើងហោះហើរជាច្រើនលើកកន្លងមក ក្នុងអំឡុងពេលនៃការអនុវត្ត​បទបញ្ជា​រិត​បន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី។

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានទិញសំបុត្រកន្លងមក ហើយពុំទាន់បានប្រើប្រាស់ ប្រញ៉ាប់កក់សំបុត្រឡើងវិញ ឬទិ​ញសំបុត្រតាមអនឡាញ នៅលើ​គេហទំ​ព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដោយផ្ទាល់៕ (ដោយ៖ ឡេង ដេត)