ទីក្រុងហុងកុងប្រារព្ធខួបទី២៣ នៃការប្រគល់ទៅឲ្យចិនក្រោមម្លប់នៃច្បាប់សន្តិសុខថ្មី

(អន្តរជាតិ) ទីក្រុងហុងកុង ប្រារព្ធខួបលើកទី ២៣ នៃការប្រគល់ទៅឱ្យប្រទេសចិន នៅថ្ងៃពុធ ទី១ខែកក្កដានេះ ក្រោមពន្លឺនៃច្បាប់សន្តិសុខជាតិថ្មី ដែលបានដាក់ចេញដោយទីក្រុងប៉េកាំង ដោយមានការហាមឃាត់ការតវ៉ានានា ហើយសេរីភាពរបស់ទីក្រុងមើលទៅកាន់តែផុយស្រួយ

ពិធីរំលឹកខួបនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសចិនបានអនុម័តច្បាប់សន្តិសុខសម្រាប់ទីក្រុងនេះ ដែលត្រូវបានរិះគន់ដោយរដ្ឋាភិបាលលោកខាងលិចជាច្រើនថា ជាការរំលោភដែលមិនធ្លាប់មានពីមុនមក លើសេរីភាព និងស្វ័យភាពរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ

ក្រុមសកម្មជនបានអំពាវនាវឱ្យប្រជាជន ប្រឆាំងនឹងការហាមឃាត់ ការតវ៉ា និងការដើរក្បួនឆ្លងកាត់កោះដ៏សំខាន់របស់ទីក្រុងនៅរសៀលថ្ងៃពុធនេះ ប៉ុន្តែវាមិនច្បាស់ទេថា តើប្រជាជនហុងកុងយកចិត្តទុកដាក់ចំពោះការអំពាវនាវនេះឬយ៉ាងណា ពីព្រោះវាអាចមានហានិភ័យ ដែលបង្កឡើងដោយច្បាប់សន្តិសុខថ្មីដែលបានចូលជាធរមានពេញមួយយប់ហើយនោះ

ខួបថ្ងៃទី១ ខែកក្តដា គឺជាថ្ងៃដែលមានលក្ខណៈចំរុះគ្នា នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័ត ជាលើកដំបូងចាប់តាំងពីពិធីនេះ បានចាប់ផ្តើមអស់រយៈពេល ១៧ឆ្នាំកន្លងមក អាជ្ញាធរបានហាមឃាត់ការហែក្បួនប្រជាធិបតេយ្យប្រចាំឆ្នាំ សម្រាប់ថ្ងៃទី១ ខែកក្កដា ដោយលើកឡើងពីការភ័យខ្លាចនៃការរំជើបរំជួល

អ្នកស្មោះត្រង់ចំពោះក្រុងប៉េកាំង បានអបអរការវិលត្រឡប់របស់ហុងកុង មកកាន់មាតុភូមិចិនវិញ បន្ទាប់ពីមួយសតវត្សកន្លះកន្លងមក នៃអ្វីដែលមនុស្សជាច្រើនចាត់ទុកថាជាអាណានិគមដ៏អាម៉ាស់នៃចក្រភពអង់គ្លេស ប៉ុន្តែក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ បានកំណត់កាលបរិច្ឆេទ ដើម្បីធ្វើបាតុកម្មទ្រង់ទ្រាយធំខណៈដែលកំហឹងចំពោះការគ្រប់គ្រងរបស់ក្រុងប៉េកាំងកាន់តែខ្លាំងឡើង

មេដឹកនាំហុងកុងលោកស្រី Carrie Lam ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីលើកទង់ជាតិ ជាមួយមន្ត្រីចិនដីគោក នៅព្រឹកថ្ងៃពុធនេះ ដោយមានប៉ូលិសរាប់ពាន់នាក់ឈរការពារសន្តិសុខ នៅជុំវិញទីកន្លែងប្រារព្ធពិធី ប្រែសម្រួល សារិទ្ធិ (យុទ្ធ)