តែមួយថ្ងៃ នៅអាមេរិកមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៤៧ ០០០ករណី

(អន្តរជាតិ) ករណីថ្មីកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងជាង ៤៧.០០០ នាក់ តែមួយថ្ងៃអង្គារ ទី៣០ខែមិថុនាប៉ុណ្ណោះ ដែលជាការកើនឡើងដ៏ធំបំផុតរយៈពេល ២៤ម៉ោង ចាប់តាំងពីការរាតត្បាតនៃវីរុសនេះខណៈដែលអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាល បានព្រមានថា ចំនួនអាចកើនឡើងទ្វេដងក្នុងពេលឆាប់

រដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស់ និងរដ្ឋអារីហ្សូណា បានលេចចេញជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មីរបស់អាមេរិក លោកបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិ Allergy និងជម្ងឺឆ្លងបាននិយាយថាច្បាស់ណាស់យើងមិនអាចគ្រប់គ្រងទាំងស្រុងបានទេនៅពេលនេះ ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ព្រោះវាអាចអាក្រក់ជាងនេះពីរដង

លោក Fauci បាននិយាយថា ការកើនឡើងជារៀងរាល់ថ្ងៃនៃករណីថ្មីអាចឈានដល់ ១០០,០០០ នាក់ ក្នុងមួយថ្ងៃ លើកលែងតែមានការជំរុញទូទាំងប្រទេស ដើម្បីទប់ស្កាត់វីរុសដែលកំពុងកើតឡើង លោកFauci បាននិយាយថា មិនមានការធានាចំពោះវ៉ាក់សាំងទេ បើទោះបីជាទិន្នន័យដំបូងត្រូវបានគេសន្យាថា៖នឹងមានវ៉ាក់សាំងដែលអាចរកបាននៅដើមឆ្នាំក្រោយក៏ដោយ

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា ករណីកូវីដ១៩ បានកើនឡើងទ្វេដងនៅក្នុងខែមិថុនានៅក្នុងរដ្ឋយ៉ាងតិច ១០ រួមមាន រដ្ឋតិចសាស់ និងរដ្ឋផ្លរីដា នៅផ្នែកខ្លះនៃរដ្ឋតិចសាស់ និងរដ្ឋអារីហ្សូណាគ្រែថែទាំអ្នកជំងឺកូវីដ១៩ កំពុងខ្វះខាតនៅតាមមន្ទីរពេទ្យ

ជនជាតិអាមេរិកជាង ១៣០,០០០ នាក់ បានស្លាប់ ដោយសារកូវីដ១៩ ហើយមនុស្សជាង ៤០លាននាក់ បានបាត់បង់ការងារ សេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសទីមួយ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅត្រីមាសទី២ ប្រែសម្រួល សារិទ្ធិ (យុទ្ធ)