អ្នកនាំពាក្យស្ថាប័នសិទ្ធិមនុស្សកម្ពុជាថា បញ្ហាសិទ្ធិមនស្សគ្មានប្រទេសណាមួយធ្វើចប់ ហើយល្អឥតខ្ចោះនោះទេ

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងនេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងាររវាងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក ជិន ម៉ាលីន ថ្លែងថា ក្នុងជំនួបនោះ បានលើកឡើងពីបញ្ហាសំខាន់ៗចំនួន២ គឺទី១, ពាក់ព័ន្ធទៅនិងយន្តការសិទ្ធិមនុស្សអន្តរជាតិ និងកិច្ចសហការរបស់កម្ពុជាជាមួយយន្តការអង្គការសហប្រជាជាតិទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស ដោយលោក ជិន ម៉ាលីន អះអាងថា ក្នុងកិច្ចការងាររបាយការណ៍សិទ្ធិមនុស្ស ខាងឧត្តមស្នងការអង្គការសិទ្ធិមនុស្សបានសរសើរ នូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាសេនាអ្នកសេនាធិការ។ មានន័យថា កម្ពុជាសរសេររបាយការណ៍បានទាន់ពេលវេលា នឹងដាក់របាយការណ៍ទាន់ពេលវេលា ហើយបានចូលរួមយ៉ាងសកម្មនៅក្នុងការធ្វើបទបង្ហាញលើបញ្ហាទាំងនោះ នៅលើឆាកអន្តរជាតិ ជាពិសេសនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

បើតាមលោក ជិន ម៉ាលីន របាយការណ៍សិទ្ធិមនុស្សទាំងអស់នេះ មិនមែនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទាំងអស់នោះទេ ពីព្រោះរបាយការណ៍សិទ្ធិមនុស្សខ្លះទាក់ទងទៅនឹងវិស័យផ្សេង ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងស្ថាប័នផ្សេង ហើយនៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្សនេះ យើងទទួលរបាយការណ៍តាមសន្ធិសញ្ញា អនុសញ្ញាចំនួន៥ គឺទីមួយ, រើសអើងជាតិពូជសាសន៍ ទីពីរ, សិទ្ធិសេដ្ឋកិច្ច វប្បធម៌ និងសង្គម ទីបី, សិទ្ធិពលរដ្ឋ និងនយោបាយ ទីបួន, ការបាត់ខ្លួនដោយបង្ខំ  ទីប្រាំ, ការរើសអើងពូជសាសន៍។  ក្នុងចំណោមរបាយការណ៍ទាំង៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សមានភារកិច្ចក្នុងការរៀបចំពីវឌ្ឍនភាព នៃការអនុវត្តសន្ធិសញ្ញា អនុសញ្ញា ក្នុងនាមរដ្ឋជាសមាជិក ហើយដាក់ជូនទៅអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចទៅធ្វើបទបង្ហាញអំពីរបាយការណ៍ទាំងអស់នៅចំពោះមុខអង្គការអន្តរជាតិ ហើយក្រៅពីធ្វើបទបង្ហាញយើងនឹងទទួលអនុសាសន៍មួយចំនួនពីអង្គការសហប្រជាជាតិ ដើម្បីយកមកអនុវត្ត ហើយផ្ញើត្រឡប់ទៅវិញតាមការកំណត់។ បើតាមលោក ជិន ម៉ាលីន ក្រៅពីរបាយការណ៍ទាំង៥ ខាងលើនេះកម្ពុជា ទទួលបន្ទុករបាយការណ៍ដ៏ធំមួយទៀត គឺរបាយការណ៍ UPR ដែលរបាយការណ៍នេះ ពាក់ព័ន្ធគ្រប់ស្ថាប័ន គ្រប់វិស័យទាំងអស់របស់រដ្ឋាភិបាល។ 

ទី២, ទាក់ទងទៅនឹងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ខាងការិយាល័យឧត្តមស្នងការចង់ដឹងអំពីវឌ្ឍនភាពនៃការបង្កើតស្ថាប័ននេះ ហើយគណៈកម្មាធិការសិទ្ធិមនុស្សបានប្រាប់ទៅវិញថា មកដល់ពេលនេះក្រុមការងារផ្ទៃក្នុង របស់គណៈកម្មាធិការសិទ្ធិមនុស្សជាតិបានបញ្ចប់នូវសេចក្តីព្រាងដំបូងរួចហើយ ក្នុងកម្រិតបច្ចេកទេសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  ហើយអ្វីដែលត្រូវធ្វើទៅមុខបន្តទៀត នឹងធ្វើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ហើយនិងបកប្រែជាភាសាអង់គ្លេសផ្ញើទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូរអភិវឌ្ឍន៍ស្ថាប័នអន្តរជាតិផ្សេងៗ ដើម្បីពិនិត្យមើល និងវាយតម្លៃផ្ដល់ជាយោបល់ត្រឡប់មកវិញ ហើយនឹងរៀបចំជាសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលមានអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលផ្សេងៗ ហើយទើបអនុវត្តទៅតាមនីតិវិធីបន្តបន្តទៀត ដែលមានកិច្ចប្រជុំអន្តរក្រសួងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរដ្ឋសភាព្រឹទ្ធសភា មុននឹងថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខាប្រកាសជាផ្លូវការ ហើយសេចក្តីព្រាងច្បាប់នេះគណៈកម្មាធិការសិទ្ធិមនុស្សបានប្ដេជ្ញាថា នឹងត្រូវបញ្ចប់នៅក្នុងអាណត្តិនេះ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានលោក ជិន ម៉ាលីន បានបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយដែលធ្វើចប់ ហើយល្អឥតខ្ចោះនោះទេ គឺតែងតែមានចំណុច ខ្វះខាត ហើយសិទ្ធិមនុស្សនេះ គឺធ្វើយ៉ាងម៉េចឱ្យមនុស្សរស់នៅបានល្អប្រសើរឡើង ហើយទៅតាមសេចក្តីត្រូវការរបស់មនុស្ស ដែលទាមទារតម្រូវការឥតឈប់ឈរ។ និយាយជារួម កម្ពុជាជាប្រទេសដែលមានប្រជាជនរស់នៅសមរម្យ ទទួលបានសេវាសុខាភិបាលល្អ ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស ការបញ្ចេញមតិ ខណៈប្រទេសមួយចំនួនទៀត កំពុងតែរុកគួនការរើសអើងពូជសាសន៍ ព្រមខ្វះខាតលើសេវាជាច្រើន ដែលប្រជាជនកម្ពុជា កំពុងតែទទួលបានក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះសម្រាប់កម្ពុជា មិនទាន់មានការរើសអើងពូជសាសន៍នោះទេ គឺពួកគាត់រស់នៅដោយភាពសុខុដុមរមនា ដោយមិនមានជម្លោះណាមួយរវាងជាតិសាសន៍ផ្សេងៗគ្នា ដែលរស់នៅក្នុងសង្គមកម្ពុជានៅឡើយទេ៕ ដោយ៖ ភក្តី (Micheal)