ចំណេះដឹង​! មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​គេ​គណនា​យ៉ាងដូច​ម្តេច​?

ភ្នំ​ពេញៈ​ យោង​តាម​ប្រការ៦នៃ​ប្រកាស​លេខ​ ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០១០​ ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យៈ​ មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​ គឺជា​តម្លៃ​អចលនទ្រព្យ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ កាត់បន្ថយ​នូវ​ទឹកប្រាក់​ចំនួន​ ១០០.០០០.០០០​(មួយ​រយ​លាន​)រៀល​។

យើង​សង្កេតឃើញ​ថា​នេះ​ជា​ការ​អនុគ្រោះ​លើក​ទី១​ ប៉ុន្ដែ​វិធាន​នេះ​មិន​ត្រូវ​បាន​យក​អនុវត្ដ​ទេ​ចាប់តាំងពី​កាលបរិច្ឆេទ​នៃ​ការ​ចេញប្រកាស​ខាងលើ​មក​។ លុះ​មកដល់​ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០១១​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្កើត​ប្រកាស​មួយទៀត​ លេខ​ ៣៧១​ សហវ.ប្រក​ ស្ដីពី​តម្លៃ​គិត​ពន្ធ​លើ​អចលនទ្រព្យ​ ក្នុង​ជំ​ហ៊ាន​ដំបូង​ ដែល​មូលដ្ឋាន​សម្រាប់​គិត​ពន្ធ​លើ​អចលនទ្រព្យ​ គឺ​ ៨០​(បែ​តសិប​)ភាគរយ​ នៃ​តម្លៃ​អចលនទ្រព្យ​សរុប​ (ទាំង​តម្លៃ​ដី​និង​តម្លៃ​សំណង​)… ដោយ​កាត់បន្ថយ​ នូវ​ទឹកប្រាក់​ចំនួន​ ១០០.០០០.០០០​ (មួយ​រយ​លាន​) រៀល​ ។

មូលដ្ឋាន​គិត​ពន្ធ​ = (តម្លៃ​អចលនទ្រព្យ​សរុប​ x ៨០​%)-១០០.០០០.០០០​ រៀល​

រូ​បម​ន្គ​គណនា​ពន្ធ​

ជាគោល​ការណ៍​ ពន្ធ​លើ​អចលនទ្រព្យ​ tax​ on​ real​ property​ ត្រូវ​គណនា​តាម​រូប​មន្ដ​ ដូច​ខាងក្រោម​ ៖

ពន្ធ​លើ​អចលនទ្រព្យ​ = មូលដ្ឋាន​គិត​ពន្ធ​ x អត្រាពន្ធ​

ពន្ធ​លើ​អចលនទ្រព្យ​ ត្រូវ​ប្រមូល​ប្រចាំឆ្នាំ​តាម​អត្រា​ ០.១​% លើ​មូលដ្ឋាន​កំណត់​ពន្ធ​។ពន្ធ​លើ​អចលនទ្រព្យ​ = [(តម្លៃ​អចលនទ្រព្យ​សរុប​ x ៨០​%) – ១០០.០០០.០០០​ រៀល​] x ០.១​%

តម្លៃ​អចលនទ្រព្យ​សរុប​ បង្កើត​ឡើង​ដោយ​តម្លៃ​ដី​រួមផ្សំ​នឹង​តម្លៃ​សំណង់​។ យោង​តាម​ប្រការ៧​ នៃ​ប្រកាស​លេខ៤៩៣​ សហវ.ប្រក​ ចុះ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០១០​ ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ តម្លៃ​អចលនទ្រព្យ​ តម្លៃ​អចលនទ្រព្យ​ត្រូវ​កំណត់​ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​ ដោយ​យោង​តាម​តម្លៃ​ទីផ្សារ​។ ប៉ុន្ដែ​យើង​បាន​សង្កេតឃើញ​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញប្រកាស​លេខ៣៧១ស្ដីពី​ តម្លៃ​គិត​ពន្ធ​លើ​អចលនទ្រព្យ​ទូទាំង​ប្រទេស​រួចហើយ​ ដែល​មាន​ភ្ជាប់​ឧប​សម្ព័ន្ធ​ចំនួន២៤ស្ដីពី​ការបែងចែក​ភូមិ​សា​ស្ដ្រ និង​តម្លៃ​អចលនទ្រព្យ​ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេ​ត្ដ​ទាំង២៣​។ ជា​វិបាក​ គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​ មិន​ចាំបាច់​ធ្វើ​កិច្ចការ​នេះ​ទៀត​ទេ​។

ការ​បង់ប្រាក់​ពន្ធ​ ត្រូវ​គិតជា​ប្រាក់​រៀល​។ ដើម្បី​សម្រួល​ក្នុង​ការ​គណនា​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​ឆ្នាំ២០១១នេះ​ អត្រា​ប្ដូរប្រាក់​សម្រាប់​គោលដៅ​នៃ​ពន្ធ​លើ​អចលនទ្រព្យ​ ត្រូវ​កំណត់​ថេរ​តាម​អត្រា​សមមូល០១​ ដុល្លារ​អាមេរិក​ ស្មើនឹង៤.០០០​ រៀល​។

ឧទាហរណ៍​៖ អចលនទ្រព្យ​មួយ​ដែល​មាន​ទំហំដី​ ៧ម​ x ២៥ម​ និង​មានផ្ទះ​ល្វែង​ ០៣ជាន់​ (E0​,E1​,E2​) ដែល​មាន​ទំហំ​ ៤ម​ X ២០ម​ និង​មានតម្លៃ​ទីផ្សារ​កំណត់​ដោយ​គណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ​ ក្នុង​មួយ​ម៉ែត្រក្រឡា​ ដូច​ខាងក្រោម​ ៖

តម្លៃ​ដី​ = ១.០០០.០០០​ រៀល​ / ម៉ែត្រក្រឡា​

តម្លៃ​ផ្ទះ​ជាន់ផ្ទាល់ដី​ E0​= ៤០០.០០០​ រៀល​/ម៉ែត្រក្រឡា​

តម្លៃ​ផ្ទះ​ជាន់ផ្ទាល់ដី​ ១E1​= ៣០០.០០០​ រៀល​/ម៉ែត្រក្រឡា​

តម្លៃ​ផ្ទះ​ជាន់ផ្ទាល់ដី​ ២E2​= ២០០.០០០​ រៀល​/ម៉ែត្រក្រឡា​

ការ​គណនា​តម្លៃ​អចលនទ្រព្យ​ ៖

តម្លៃ​ដី​ = ៧ម​ x ២៥ម​ X ១.០០០.០០០​ រៀល​ = ១៧៥.០០០.០០០​ រៀល​

តម្លៃ​ផ្ទះ​ជាន់ផ្ទាល់ដី​ (E0​) = ៤ម​ X ២០ម​ X ៤០០.០០០​ រៀល​ = ៣២.០០០.០០០​ រៀល​

តម្លៃ​ផ្ទះ​ជាន់ទី​ ១ (E1​) = ៤ម​ X ២០ម​ X ៣០០.០០០​ រៀល​ = ២៤.០០០.០០០​ រៀល​

តម្លៃ​ផ្ទះ​ជាន់ទី​ ២ (E2​) = ៤ម​ X ២០ម​ X ២០០.០០០​ រៀល​ = ១៦.០០០.០០០​ រៀល​

តម្លៃ​អចលនទ្រព្យ​សរុប​ = ២៤៧.០០០.០០០​ រៀល​

ពន្ធ​លើ​អចលនទ្រព្យ​ = [(តម្លៃ​អចលនទ្រព្យ​សរុប​ X ៨០​% ) – ១០០.០០០.០០០​ រៀល​] ០.១​%

ពន្ធ​លើ​អចលនទ្រព្យ​ = [(២៤៧.០០០.០០០​ រៀល​ X ៨០​% ) – ១០០.០០០.០០០​ រៀល​] ០.១​%

= (១៩៧.៦០០.០០០​ រៀល​ – ១០០.០០០.០០០​ រៀល​) X ០.០០១​

ដូចនេះ​ ប្រាក់​ពន្ធ​ត្រូវ​បង់​ = ៩៧៦.០០០​ រៀល​

ករណី​សិក្សា​ ៖ ចូរ​គណនា​ពន្ធ​លើ​អចលនទ្រព្យ​ក្នុងករណី​ដូច​ខាងក្រោម​ ៖

១. អចលនទ្រព្យ​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ក្រុង​ សៀមរាប​ ដែល​ក្នុង​នោះ​ទំហំដី​គឺ​ ២០ម​X ៣០ម​ តម្លៃ​ ១ មែ​ត្រ​ក្រឡា​ ស្មើនឹង​ ៥០​ ដុល្លារ​អាមេរិក​ ហើយ​មានផ្ទះ​មួយ​ ដែល​មាន​ទំហំ​ ៨ម​X ២០ម​ តម្លៃ​ ១ ម៉ែត្រ​ ក្រឡា​ ស្មើនឹង​ ៣០​ ដុល្លារ​អាមេរិក​។ ចូរ​គណនា​ពន្ធ​លើ​អចលនទ្រព្យ​នោះ​ ដែល​ ១ ដុល្លារ​អាមេរិក​ ស្មើ​ នឹង​ ៤.១៥០​ រៀល​។

២. អចលនទ្រព្យ​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ ដង្កោ​ ដែល​ក្នុង​នោះ​ទំហំដី​គឺ​ ៤០ម​ X ៥០ម​ តម្លៃ​ ១ មែ​ត្រ​ ក្រឡា​ ស្មើនឹង​ ៥០​ ដុល្លារ​អាមេរិក​ ហើយ​មានផ្ទះ​ពីរ​ ដែល​ផ្ទះ​ទី​ ១ មាន​ទំហំ​ ១០ម​ X ២២ម​ តម្លៃ​ ១ ម៉ែត្រក្រឡា​ ស្មើនឹង​ ៣០​ ដុល្លារ​អាមេរិក​ និង​ផ្ទះ​ទី​ ២ មាន​ទំហំ​ ៦ម​ X ២០ម​ តម្លៃ​ ១ ម៉ែត្រក្រឡា​ ស្មើនឹង​ ៣០​ ដុល្លារ​អាមេរិក​ដូចគ្នា​។ សូម​បញ្ជាក់​ថា​អចលនទ្រព្យ​នេះ​ ជា​កម្មសិទ្ធិ​របស់​បុគ្គល​តែម្នាក់​។ ចូរ​គណនា​ពន្ធ​លើ​អចលនទ្រព្យ​នោះ​ ដែល​ ១ ដុល្លារ​អាមេរិក​ ស្មើនឹង​ ៤.១៥០​ រៀល​៕