Banner-right
Banner-right

ជប៉ុនផលិតស្រោមអនាម័យមានរចនាបែបសិល្បៈប្រពៃណីបុរាណ ដើម្បីត្រៀមស្វាគមន៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០

បរទេស៖ ដើម្បីត្រៀមខ្លួនចូលរួមជាចំណែកអបអរដល់មហាព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ក្រុមហ៊ុនផលិតស្រោមអនាម័យមួយនៅប្រទេសជប៉ុន កំពុងរៀបចំរបស់ពិសេសសម្រាប់ទទួលភ្ញៀវទេសចរបរទេស។ ក្នុងនោះផងដែរហាងស្រោមអនាម័យដ៏ល្បីល្បាញនៅទីក្រុងតូក្យូឈ្មោះ Condomania និងក្រុមហ៊ុនស្រោមអនាម័យក្នុងស្រុកមួយឈ្មោះថា Okamoto បានសហការបង្កើតស្រោមអនាម័យថ្មី ដែលរួមមានការរចនារូបភាពបង្ហាញពីសិល្បៈជប៉ុន ukiyo-e បុរាណ។

គំនូរសិល្បៈ Ukiyo-e មានការរីកចម្រើនចាប់ពីសតវត្ស ទី១៧ ដល់សតវត្ស ទី១៩ ហើយវាត្រូវបានគេចាត់ទុកថា មានប្រជាប្រិយភាពខ្លាំងជាមួយអ្នកទេសចរបរទេស។ បើតាមការបង្ហោះរបស់ Soranews24 បានឱ្យដឹងថា ជាមួយនឹងការបោះពុម្ពរូបគំនូសិល្បៈ ukiyo-e ស្រោមអនាម័យថ្មីនេះនឹងត្រូវដាក់លក់នៅរដូវក្តៅនេះហើយ។ អតិថិជនក៏អាចបញ្ជាដាក់ការរចនាណាមួយដែលពួកគេចូលចិត្តទៅលើស្រោមអនាម័យទាំងនេះផងដែរ មិនចាំបាច់តែការរចនាបែបសិល្បៈបុរាណនោះទេ។

បន្ថែមទៅនឹងការពន្យាកំណើតបែបសិល្បៈនេះ ក្រុមហ៊ុន Okamoto ក៏នឹងចាប់ផ្តើមផលិតស្រោមអនាម័យដំបូងជាមួយនឹងសារធាតុប្រឆាំងវីរុសស្រោបពីលើ ឈ្មោះថាស្រោមអនាម័យ VivaGel ផងដែរ។ រួមបញ្ចូលក្នុងយីហោ Zero Zero Three (003) របស់ក្រុមហ៊ុន Okamoto យីហោ VivaGel នេះគឺជាស្រោមអនាម័យតែមួយគត់របស់ពិភពលោក ដែលរួមបញ្ចូលសមាសធាតុកាត់បន្ថយការឆ្លង SPL7013 ដែលជាសារធាតុបញ្ជាក់ដោយវិទ្យាសាស្រ្ត ដើម្បីប្រឆាំងមេរោគរហូតដល់ ៩៩.៩ភាគរយ នៃមេរោគអេដស៍ (HIV), HSV និង HPV ។ VivaGel នឹងត្រូវបានដាក់លក់ក្នុង ១ប្រអប់ (១០ស្រោម) តម្លៃ ២,០០០យ៉េន (១៨.៥៣ដុល្លា) ហើយតម្លៃសម្រាប់ស្រោមអនាម័យ ដែលអតិថិជនបញ្ជាដាក់ការរចនាណាមួយតាមពួកគេចូលចិត្ត មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz