Banner-right
Banner-right

ប្រជាពលរដ្ឋឃុំថ្មពេជ្រ ចាប់យករបរដាំដំណាំហូបផ្លៃឪឡឹកជាមួយក្តីសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

(ត្បូងឃ្មុំ)៖ ឪឡឹកជាដំណាំហូបផ្លែមួយប្រភេទដែលប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំមិនសូវនិយមដាំនោះទេបើប្រៀបធៀបជាមួយដំណាំកសិកម្មផ្សេងៗដូចជា ស្រូវ សណ្តែក ដំឡូងមី ជាដើម បើទោះបីងាយស្រួលដាំ ថែទាំ និងឆាប់ទទួលផលក៏ដោយ ។ តែយ៉ាងណាក៏មានប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានចាប់យករបរដាំដំណាំឪឡឹកនេះផងដែរ ជាក់ស្តែងលោក អម អ៉ីន និងគ្រួសារបានជួលដីក្រុមហ៊ុនចំការកៅស៊ូជុបចំនួន១២ហិកតាដាំដំណាំឪឡឹក ។

លោក អម អ៉ីន ដែលជាកសិករដាំដំណាំឪឡឹក បានរៀបរាប់ឲ្យដឹងថា នេះជាលើកទីមួយហើយដែលលោក និងគ្រួសាបានសម្រេចចិត្តដាំឪឡឹកដោយជួលដីពីក្រុមហ៊ុនចំការកៅស៊ូជុបចំនួនមួយឡូស្មើ១២ហិកតាមកដាំ ដោយត្រូវចំណាយជិតមួយម៉ឺនដុល្លារ ទៅលើថ្លៃជួលដី ថ្លៃគ្រាប់ពូជ និងថ្លៃថែទាំ ។

លោកបន្តថាមូលហេតុដែលលោកសម្រេចចិត្តដាំឪឡឹកដោយសារមានអ្នកដាំឆ្នាំកន្លងមកទទួលបានផលល្អ និងប្រាក់ចំណេញគួសម ។ លោកថាដំណាំនេះមានម៉ូយមកកុម្មង់ទិញ ឬម៉ៅយកទាំងអស់តែម្តង ដោយក្នុងមួយឡូស្មើរ១២ហិកតានេះបានថ្លៃចន្លោះពី ២២០០០ ដុល្លារទៅ ២៥០០០ ដុល្លារ តាមល្អ ផ្លែរតិចឬច្រើន ។

លោក អម អ៉ីន និងប្រពន្ធអ្នកស្រី ស៊ា សុខជា បានរៀបរ៉ាប់ឲ្យដឹងទៀតថា ឪឡឹករបស់គាត់ល្អជាងអ្នកដាំដូចគ្នា និងអ្នកដាំឆ្នាំកន្លងមកដូច្នេះបើវានៅតែមានទីផ្សារ និងហាងឆេងដូចឆ្នាំមុនគាត់នឹងទទួលបានប្រាក់ចំណេញខ្លះសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារ តែយ៉ាងណាពួកគាត់មិនអស់សង្ឃឹមនោះទេព្រោះពេលនេះឪឡឹករបស់គាត់បន្ទាប់ពីដាំបាន៤០ថ្ងៃគឺបានចេញផ្កា និងផ្លែ ច្រើន ហើយក៏មានម៉ូយមកសួររកទិញ និងម៉ៅជាបន្តបន្ទាប់ ។

សូមជម្រាបថា ក្រៅពីលោក អម អ៉ីន និងអ្នកស្រី ស៊ា សុខជា ក៏មានអ្នកដាំដំណាំនេះលើផ្ទៃដីជាច្រើនហិកតាផងដែរដោយគ្រាន់តែក្នុងដីចំការកៅស៊ូជុបមានអ្នកដាំជិត ១០០ ហិកតា ។ ពូជឪឡឹកដែលពួកគាត់ដាំគឺប្រើរយះពេល៦០ ថ្ងៃនិងចាប់ផ្តើមប្រមូលផល ៕ ដោយ៖ សាន វិឡែម

អត្ថបទដែលជាប់ទាក់ទង