Banner-right
Banner-right

អាជ្ញាធរកំពុងចាត់វិធានការទប់ស្កាត់ជម្ងឺប៉េសជ្រូកអាហ្វ្រិក ដែលកំពុងផ្ទុះឡើងនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងចាត់វិធានការទប់ស្កាត់ជម្ងឺប៉េសជ្រូកអាហ្វ្រិក ដែលកំពុងផ្ទុះឡើងនៅភូមិចំនួន២ ក្នុងស្រុកអូររាំឱ ខេត្តត្បូងឃ្មុំ និងស្រុកចំនួន២ ក្នុងខេត្តព្រៃវែង។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តម តាន់ ផាន់ណារ៉ា មានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី៣ ខែកក្កដាថា ក្រុមការងារទប់ស្កាត់ជម្ងឺប៉េសជ្រូកអាហ្វ្រិក១ក្រុមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ កំពុងព្យាយាមចូលទៅកាន់ ភូមិកំពង់សេរី និងភូមិសោយ ក្នុងឃុំមាន នៃស្រុកអូររាំងឪ ដែលជាកន្លែងកំពុងផ្ទុះជម្ងឺប៉េសជ្រូកអាហ្វ្រិកនោះហើយ ក៏ប៉ុន្តែដោយសារតែស្ថានភាពផ្លូវភក់ផុងនិងរអិលខ្លាំង គឺនៅមិនទាន់បានចូលទៅដល់តំបន់ដែលសត្វកើតជម្ងឺនោះនៅឡើយ។

ឯកឧត្តម បញ្ជាក់ទៀតថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងរៀបចំម៉ាស៊ីនបាញ់ថ្នាំ ព្រមទាំងថ្នាំសម្លាប់មេរោគជាច្រើនទៀត ឱ្យមន្ត្រីមួយក្រុមចុះទៅកាន់តំបន់ផ្ទុះជម្ងឺប៉េសជ្រូកអាហ្វ្រិកនោះ ថែមទៀត។ លោក រី ដាវិន ប្រធានការិយាល័យបសុព្យាបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា គិតពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី៣កក្កដានេះ ជំងឺ ប៉េស្តជ្រូកអាហ្រ្ហិក បានផ្ទុះឡើងនៅភូមិចំនួន២គឺភូមិកំពូលសេរី និងភូមិសើយ ស្ថិតក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៦៧៦គ្រួសារ មានអ្នកចិញ្ចឹមជ្រូកចំនួន៥៦គ្រួសារ ដែលមានជ្រូកចំនួន៥៦៨ក្បាល ។ ក្នុងនោះ ជ្រូកបានងាប់អស់៧ក្បាលហើយ ដោយសារប៉េស្តជ្រូកអាហ្រ្វិក ។

លោករី ដាវិន បានបញ្ជាក់ទៀតថា មន្រ្តីជំនាញបានបាញ់ថ្នាំកំចាត់មេរោគតាមផ្លូវក្នុងភូមិទាំង២ និងក្នុងទ្រុងជ្រូកទាំងអស់របស់កសិករ និងបន្តផ្សព្វផ្សាយដល់កសិករទៀត ។ ស្របពេលដែលស្រុកអូររាំងឪ របស់ខេត្តត្បូងឃ្មុំ បានផ្ទុះឡើងនូវជម្ងឺប៉េសជ្រូកអាហ្វ្រិកនេះ អាជ្ញាធរឃុំកណ្ដៀងរាយ នៃស្រុកស៊ីធរកណ្ដាល និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់គ្នា និងឃុំមានរបស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក៏កំពុងមានវិធានការទប់ស្កាត់ ជម្ងឺប៉េសជ្រូកអាហ្វ្រិកនេះដែរ ។ នៅក្នុងសេចក្តីប្រកាសកំណត់តំបន់នៃការផ្ទុះជម្ងឺប៉េសជ្រូកអាហ្វ្រិកនេះ ក្រសួងកសិកម្ម បានសំរេចឱ្យភ្នាក់ងារសុខភាពសត្វបំផ្លាញចោល ចំពោះសត្វជ្រូកគ្រប់ប្រភេទ ដែលចិញ្ចឹមនៅក្នុងតំបន់ផ្ទុះជម្ងឺនោះ ។ ត្រូវផ្អាកការទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលដែលមានដើមកំណើតធ្វើពីសាច់ជ្រូក គ្រប់ប្រភេទ មិនឱ្យចេញ ចូល នៅក្នុងរង្វង់ដីចម្ងាយ៣គីឡូម៉ែត្រ ពីចំណុចនៃការផ្ទុះជម្ងឺនោះ។ ក្រសួងកសិកម្ម បានបញ្ជាឱ្យមន្ត្រីសុខភាពសត្វ ត្រូវសិក្សា ស្រាវជ្រាវរកប្រភពជម្ងឺប៉េសជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូក ឱ្យបានជាប្រចាំនៅក្នុងរង្វង់ដីចម្ងាយ១០គីឡូម៉ែត្រ ជុំវិញតំបន់ផ្ទុះជម្ងឺ។ នៅខេត្តត្បូងឃ្មុំនេះគឺជាតំបន់ផ្ទុះជម្ងឺប៉េសជ្រូក ទី៣ហើយ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកាលពីជាង៣ខែមុន ជម្ងឺប៉េសជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសវៀតណាមខាងជើង ហើយរាលដាលមកដល់វៀតណាមខាងត្បូង រួចរាលដាលចូលកម្ពុជាមក។ កាលពីថ្ងៃទី២ខែមេសា ជម្ងឺប៉េសជ្រូកអាហ្វ្រិក ធ្លាប់ផ្ទុះនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ក្នុងខេត្តរតនគីរី។ កាលណោះអាជ្ញាធរបានសម្លាប់សត្វជ្រូកអស់ចំនួនជិត៥០០ក្បាល និងកាលពីថ្ងៃទី២២ខែមេសាជម្ងឺប៉េសជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅឯស្រុកអូរជុំ ខេត្តរតនគីរី នាភាគឦសាន។ ចាប់តាំងអំឡុងខែមីនា រហូតមកដល់បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានចុះបង្ក្រាបការលួចដឹកជញ្ជូនសត្វជ្រូកពីវៀតណាម ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ក្នុងពេលដែលសមត្ថកិច្ចកំពុងទប់ស្កាត់ជម្ងឺប៉េសជ្រូកអាហ្វ្រិកនោះ បានចំនួន៣០ករណី បើគិតពីចំនួនសត្វជ្រូក ដែលសមត្ថកិច្ចបានរឹបអូស គឺចំនួនប្រមាណជាង៥៨០ក្បាល៕ ដោយ៖ សហការី

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz