Banner-right
Banner-right

ក្រសួងកសិកម្ម នឹងបញ្ជូនមន្ត្រីជំនាញ រួមទាំងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យផងទៅកាន់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក 

(ភ្នំពេញ)៖ យោងទៅតាមមន្ត្រីមួយរូបមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ក្រសួងបានសម្រេចបញ្ជូនមន្ត្រីជំនាញ រួមទាំងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យផងទៅកាន់តំបន់ផ្ទុះជំងឺប៉េស្តជ្រូក ក្នុងបំណងធ្វើរោគវិនិច្ឆ័យរកជំងឺប៉េស្តជ្រូកឱ្យបានឆាប់រហ័សសម្រួលដល់ការលក់ដូរជ្រូករបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីមានព្រួយបារម្ភរបស់ប្រជាពលរដ្ឋស្តីពីការរីករាលដាលនៃជំងីសត្វដ៏កាចសាហាវមួយនេះ។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានការផ្ទុះជំងឺប៉េស្តជ្រូកនៅក្នុងប្រទេសកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីណែនាំមួយដោយឱ្យផ្អាកជាបណ្តោះអាសន្ននូវការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងបំណងទប់ស្កាត់ការរីករាលដាលជំងឺនេះទៅកាន់តំបន់ផ្សេងៗទៀត។

មន្រ្តីរូបនោះក៏បានបញ្ជាក់ថា ក្នុងករណីលទ្ធផលនៃការវិភាគសំណាកឈាមជ្រូក មិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេនោះ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក។

ក្នុងនោះផងដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាកសិករចិញ្ចឹមជ្រូកមេត្តារក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និងផ្តល់ការសហការឲ្យបានល្អប្រសើរដល់មន្ត្រីជំនាញបសុព្យាបាលនៃក្រសួង ក្នុងការចុះបំពេញភារកិច្ចនេះឱ្យទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតមាននៅក្នុងខេត្តចំនួន៥ហើយរបស់កម្ពុជា រួមមាន៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។ ជ្រូកសរុបជាង ២ពាន់ក្បាលហើយត្រូវបានសម្លាប់ និងងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។

គួរម្លឹកផងដែរថា កាលពីម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់មន្ត្រីអាជ្ញាធរខេត្តកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក និងមន្ត្រីជំនាញ ត្រូវចុះទៅឱ្យដល់កន្លែងកើតជំងឺ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ជូនប្រជាពលរដ្ឋ៕ ដោយ៖ចំណាន

អត្ថបទដែលជាប់ទាក់ទង