Banner-right
Banner-right

ក្រៅពីការងារស្រែចម្ការអ្នកភូមិអណ្ដូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ប្រកបរបរត្បាញកន្ទេលក្រហម អាចរកចំណូលបានពីជាង១ពាន់ទៅជិត២ពាន់ដុល្លារ

(កំពង់ឆ្នាំង)៖ ប្រជាកសិករភូមិអណ្ដូង ឃុំត្រងិល ស្រុកកំពង់លែង ប្រមាណជាង៩០ ភាគរយ បានប្រកបមុខរបរត្បាញកន្ទេលក្រហម ក្រៅពីការងារស្រែចម្ការដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ហើយជាមធ្យមពួកគាត់ក្នុង១គ្រួសារ អាចរកចំណូលបានពី ៦ ទៅ៨លានរៀលក្នុងមួយឆ្នាំ ដោយមិនសូវចំណាយទុនប៉ុន្មានឡើយ​ ។

ប្រជាកសិកររស់នៅក្នុងភូមិនោះ បានឲ្យដឹងថា ក្រៅពីការងារស្រែចម្ការ ផ្ទះណា ក៍ដូចជាផ្ទះណាដែរ សុទ្ឋចាប់មុខរបរត្បាញកន្ទេលក្រហម ។

ការត្បាញ កន្ទេលក្រហមនេះ គឺចំណាយតែលើថ្លៃទិញល័ក្ត តែមួយមុខប៉ុណ្ណោះ ចំណែកឯការវត្ថុធាតុដើមមានកក់ និង ក្រចៅ គឺដាំដុះដោយខ្លួនឯង រួមទាំង អុស សម្រាប់ស្ងោទឹក ល័ក្ត ក៍ត្រូវទៅរកទុកដុតដោយខ្លួនឯងដែរ ។

តម្បាញកន្ទេលក្រហម គឺចាប់ផ្ដើមពីខែកក្កដា រហូតដល់ចុងខែ កញ្ញា និងខ្លះដល់ដើមខែតុលា ទើបអស់កក់ គឺមានរយៈពេល ២ខែកន្លះ ទៅ៣ ខែ។

រយៈពេលនេះ ខ្លះត្បាញបាន១០០កន្ទេល និងខ្លះច្រើនជាងនេះ តាម កក់ បានតិច ឬ ច្រើនហើយបើតាមការប្រមាណ ក្នុងមួយគ្រួសារ អាចរកចំណូលបានពី៦ទៅ ៨លានរៀលក្នុង១ឆ្នាំ។ សម្រាប់ថ្លៃល័ក្ត ដែលទិញយកមកជ្រលក់ កក់ អោយក្លាយជាពណ៌ ខៀវ ក្រហម ឬលឿង តាមតម្រូវការ ក្នុងមួយរដូវចំណាយអស់ប្រមាណ ជាង១៥ទៅ២០ ម៉ឺនរៀលប៉ុណ្ណោះ ។

ដោយឡែក កក់សម្រាប់យកមកត្បាញជាកន្ទេល គឺរាល់ឆ្នាំ ពួកគាត់តែងទុកគ្រាប់ជាប្រចាំ ហើយដល់ខែ មេសា ឬឧសភា ពួកគាត់ចាប់ផ្តើមសាបគ្រាប់កក់ រួមទាំងដើមក្រចៅ ដែលត្រូវយកមកវេញ ជាខ្យែសម្រាប់ត្បាញ ក៍ត្រូវសាបគ្រាប់ដែរ រយៈពេល២ខែកន្លះ និងច្រូតកាត់ យក រិតវាអោយសំប៉ែត្រ ចំណែកក្រចៅ ត្រូវកាប់ដើមយកមកបកយកសំបក វេញជាខ្យែដែរ ។

ប្រជាកសិករក្នុងភូមិនោះក៏បានបន្តថា ពេលជ្រលក់កក់អោយក្លាយជាពណ៌ តាមតម្រូវការ និងវេញខ្យែក្រចៅហើយពួកគាត់ចាប់ផ្តើមត្បាញជាកន្ទេលហើយ ក្នុងមួយផ្ទះយ៉ាងហោចណាស់ ក៍ត្បាញបានកន្ទេលមួយដែរ ក្នុង១ថ្ងៃ បើផ្ទះខ្លះមានមានមនុស្សច្រើន អាចបាន២ឬ៣ កន្ទេលក្នុងមួយថ្ងៃ ។

ចំណែកកន្ទេលមួយលក់ថ្លៃពី៦ទៅ១០ម៉ឺនរៀល តាមតូចតាមធំ ហើយកន្ទេលទាំងនោះមានម៉ូយមកយកដល់ផ្ទះ តែពេលខ្លះក៍មានអ្នកប្រើប្រាស់មកទិញដោយផ្ទាល់ដែរ ។

ជាចុងក្រោយពួកគាត់សំណូមពរដល់អតិថិជនដែលប្រើប្រាស់កន្ទេលក្រហមសូមជួយទិញកន្ទេលក្រហមអ្នកភូមិអណ្ដូងរនុក នេះផងព្រោះមានគុណភាពទាំងជាប់ និងពណ៌ បានយូរដល់ទៅ៥-៦ ឆ្នាំឯណោះលើកលែងតែកណ្ដុរកាត់ ។

តាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាអ្នកភូមិអណ្ដូងមាន១៩៥គ្រួសារ មានអ្នកត្បាញកន្ទេលប្រមាណ៩៥% ហើយប្រពលរដ្ឋទាំងនោះសុទ្ឋតែមានជីវភាពសមរម្យទាំងអស៕ដោយ សុក្ខារិន

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz