Banner-right
Banner-right

អត្ថប្រយោជន៏នៃទឹកដោះគោ ជំនួយដល់សុខភាពដែលមិនធ្លាប់បានដឹង

សុខភាព៖ ទឹកដោះគោ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​របប​អាហារ​របស់​យើង​។ យើង​ចាប់ផ្តើម​ទទួលទានទឹកដោះគោ ​តាំងពី​យើង​នៅ​ក្មេង​ម្ល៉េះ ។ ការ​ទទួលទាន​ទឹកដោះគោ ពិតជាមានអត្ថប្រយោជន៏ចំពោះសុខភាពខ្លាំងណាស់ ចំពោះក្មេងៗសំរាប់បង្កើនភាពឆ្លាតវៃ ឯមនុស្សចាស់ដើម្បីអោយសុខភាពឆ្អឹងរឹងមាំ។

ខាងក្រោមនេះជាការរៀបរាប់ពីអត្ថប្រយោជន៏នៃការទទួលទានទឹកដោះគោ ដែលជួយអោយមានសុខភាពល្អ៖

​រាងកាយ​មាន​សុខភាព​ល្អ​
​ទឹកដោះគោ​មាន​សមាសធាតុ​ជាច្រើន​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ វា​ជួយ​កាត់បន្ថយ​ការ​ផលិតកូ​ឡេ​ស្ទេ​រ៉ូ​លរបស់​ថ្លើម និង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ទៀតផង​។ វីតាមីន A និង B ក្នុង​ទឹកដោះគោ​អាច​ជួយ​ធ្វើអោយ​ភ្នែក​មើល​ឃើញ​ច្បាស់​ល្អ និងកាត់បន្ថយជំងឺមហារីកផងដែរ។

ធ្មេញ និង​ឆ្អឹង​មាន​សុខភាព​ល្អ​
​ទឹកដោះគោ គឺជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដ៏​អស្ចារ្យ​មួយ ដែល​មាន​សារៈសំខាន់​ក្នុង​ការជួយ​ថែរក្សា​ឆ្អឹង​អោយមាន​សុខភាព​ល្អ​។ មិនមែន​មាន​តែ​កូន​តូចៗ​របស់​អ្នកត្រូវកា​រញ៉ាំ​ទឹក​ដោះ ដើម្បី​ឆ្អឹង​លូតលាស់​នោះទេ ប៉ុន្តែ មនុស្ស​ធំ​ក៏​ត្រូវការ​ទឹកដោះគោ​ដើម្បី​ឆ្អឹង​រឹងមាំ និង​ការពារ​ខ្លួន​ពី​ជំងឺ​ពុក​ឆ្អឹង​ដែរ​។ ទឹកដោះគោ​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​សម្រាប់​ធ្មេញ​ដ៏​រឹងមាំ និង​ជួយ​ការពារ​ពី​ជំងឺ​ពុក​ឆ្អឹង​ទៀតផង​។ ដើម្បី​អាច​បឺត​ស្រូប​ជាតិ​កាល់ស្យូម​បាន រាងកាយ​ត្រូវតែ​មាន​វីតាមីន D​។ បើសិនជា​រាងកាយ​អ្នក​ខ្វះ​វីតាមីន D ចូរ​ទិញ​ទឹកដោះគោ​ណា​ដែល​មាន​បន្ថែម​វីតាមីន D ស្រាប់​។

ការលូតលាស់​ស្បែក​
វា​មាន​ជាតិ​ឡា​ក់ទិច​អាស៊ី​ត ដែល​អាច​ដើរតួរ​ជា Exfoliant និង​អង់ស៊ីម ដើម្បី​ជួយ​ថែរក្សា​ស្បែក​អោយ​នៅ​រលោង​។ សារធាតុ​អាមីណូអាស៊ីត​ក្នុង​ទឹកដោះគោ​ក៏​ជួយ​ថែរក្សា​ស្បែក​អោយ​មាន​សំណើម​ ផងដែរ​។ ទឹកដោះគោ​មាន​សារធាតុ​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ជួយ​ការពារ​ការខូចខាត​ ដោយសារ​តែ​ជាតិពុល​ពី​បរិដ្ឋាន​ជុំវិញ​ខ្លួន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​អា​លែ​ក​ស៊ី​នឹង​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ  វា​ពិតជា​ធ្វើអោយ​ស្បែក​មាន​បញ្ហា​កាន់តែ​ខ្លាំង​ទៀត​។​

​សម្រក​ទម្ងន់​
​ការសិក្សា​ជា​ច្រើន​បានអោយដឹងថា ស្ត្រី​ដែល​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​ទឹកដោះគោ​ស្រស់ អាច​ស្រក​ទម្ងន់​បាន​ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ទឹកដោះគោ​។ វា​គឺជា​របប​អាហារ​ដ៏​អស្ចារ្យ ព្រមទាំង​ជា​អាហារសម្រន់​ប្រកប​ដោយ​សុខភាព​ល្អ​ផង​ដែរ​។ ចូរ​បន្ថែម​ទឹកដោះគោ​មួយ​កែវ​សម្រាប់​អាហារ​ពេល​យប់​របស់​អ្នក ឬ​ផឹក​ទឹកដោះគោ​មួយ​កែវ ខណៈពេល​កំពុង​តែ​ញ៉ាំ​ផ្លែឈើ​មួយ​ដុំ​។

កាត់បន្ថយ​ស្ត្រេ​ស​
​ទឹកដោះគោ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការបំបាត់​ភាព​តានតឹង​នៅ​ពេល​ថ្ងៃ​។ ទឹកដោះគោក្តៅ​ឧណ្ហៗ​មួយ​កែវ​ជំនួយសាច់ដុំ និង​បំបាត់​ភាព​មួរ​ម៉ៅ​របស់​សរសៃប្រសាទ​។ ទឹកដោះគោ​ក៏​ត្រូវបាន​គេ​អះអាង​ដែរ​ថា អាច​ជួយ​បន្ថយ​រោគសញ្ញា​នៃ​អា​ការៈឈឺចាប់​មុន​មក​រដូវ និង​ប៉ូវ​កម្លាំង​។ ដូច្នេះ ថ្ងៃក្រោយ​បើសិនជា​អ្នក​មាន​អារម្មណ៍​អស់កម្លាំង ចូរ​សាកល្បង​ផឹក​ទឹកដោះគោ​មួយ​កែវ​ទៅ​។ ដោយ៖ ភាព

អត្ថបទដែលជាប់ទាក់ទង