អភិបាលខេត្តមណ្ឌលគិរី ចុះដកបង្គោលរបងថ្មនៅក្បែរព្រលានយន្តហោះ និងក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី៖ យោងទៅតាមគណនីហ្វេសប៊ុករបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហោះពីប្រតិបត្តិការរយៈពេល២ថ្ងៃ គឺនៅទី២៦-២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យប្រមាណជា៤០០បង្គោល ដែលជនខិលខូចបានបោះនិងដាក់ដាំបង្គោលហ៊ុមព័ទ្ធរំលោភយកដីគម្រោងសាងសង់ព្រលានយន្តហោះ និងដីព្រៃដែនជម្រកសត្វព្រៃកែវសីមា ដែលមានទីតាំងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពដែលអាជ្ញាធរបានចុះធ្វើនេះ គឺដើម្បីការពារដីបម្រុងទុករបស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។ លោកមានប្រសាសន៍បន្តថា ការបោះបង្គោលកំណត់ព្រំដីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីព្រលាន និងដីដែនជម្រកសត្វព្រៃកែវសីមា ទើបអាជ្ញាធរខេត្តសម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន នគរបាល និងអាវុធហត្ថ ចុះដកបង្គោលរបងថ្មទាំងនោះយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា មិនត្រឹមតែដីទីតាំងព្រលានហោះនេះទេ ដែលអាជ្ញាធរចុះអនុវត្តន៍ការពារដីទុកជាសម្បត្តិសាធារណៈ សូម្បីដីចម្ការស្រល់ ដែលកំពុងរងការទន្ទ្រានពីជនមួយក្តាប់តូច ក៏លោកដាក់បញ្ជាឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យ និងរឹបអូសទុកជាសម្បត្តិរដ្ឋវិញផងដែរ។

លោក មានប្រសាសន៍ថា«គម្រោងសាងសង់ព្រលានយន្តហោះនេះ គឺអាកាសចរណ៍ស៊ីវិលសហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីរៀបចំទីតាំងដីទុកសម្រាប់កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង»៕ ដោយ៖ ភាព